អណ្ដើកហ្លួងដ៏កម្រចំនួន ១០ ក្បាលត្រូវបានរដ្ឋបាលជលផលនិងអង្គការWCS ប្រលែងក្នុងទីជម្រកធម្មជាតិវិញ។
ខេត្តព្រះសីហនុ ៖ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) និង នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife ReservesSingapore-WRS) បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាលដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួងស្រុកកំពុងសីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១នេះ។
ពិធីលែងនេះ បានធ្វើឡើងក្រោមគម្រោងមួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង TSAអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុក អណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វ លូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី ១ ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា ចំពោះការចូលរួម ថែរក្សានិងអភិរក្សសត្វអណ្ដើកហ្លួងជាប្រភេទសត្វកម្រនេះ ចូលទៅក្នុងបឹងធម្មជាតិ វិញគឺមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទ សត្វជិតផុតពូជ មានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។លោក ក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើក ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការWCS ក៏បានឱ្យដឹងដែរថា អណ្តើកហ្លួងទាំង ១០ក្បាល(ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern RiverTerrapin (Batagur affinis)) ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូល
យកក្រោយពីវាបានញាស់នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១៥បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វលូនកោះកុងដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ខេត្តកោះកុងដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួងឬអណ្តើកសរសៃបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូត ដល់ឆ្នាំ ២០០០ រដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែស្រែអំបិល។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា «កម្មវិធីការពារសំបុកអណ្តើក ដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រភេទសត្វអណ្តើកដ៏កម្រនិងជិតផុតពូជទាំងនេះ តាមរយៈការលើកទឹកចិត្តអោយមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋានក្នុងការការពារនិងថែរក្សាសំបុកអណ្តើក រហូតដល់ពេលកូនអណ្តើក ញាស់ចេញដោយជោគជ័យ៕