រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ បើកឡើងលើសួន បុកបង្គោលប៉ាន់ណូ ខ្ទេចមួយកំណាត់មុខ
ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនគេចពីម៉ូតូ រេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលប៉ាន់ណូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាលនៅវេលាម៉ោង ៣ និង៣០ នាទីទៀបភ្លឺឈានចូល ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ខាងសារព័ត៌មានឲ្យដឹងថា
មុនពេលកើតហេតុគាត់ឃើញរថយន្តក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំមួយគ្រឿង ពណ៌ទឹកក្រូចពាក់ផ្លាកលេខ ភ្នំពេញ3-F 5773 បើកបរដោយបុរសម្នាក់ រួមនឹងអ្នកដំណើរម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុមិនប្រយ័ត្នបានគេចពីម៉ូតូមួយគ្រឿង មិនចាំផ្លាកលេខបានរេចង្កូតឡើងលើសួនផ្លូវ បន្តទៅបុកបង្គោលដាក់ស្លាកសញ្ញាចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យគៀបជាប់តៃកុងនៅការប៊ីនមុខ ចំណែកឯអ្នករួមដំណើរសំណាងល្អ លោតចេញពីរថយន្តទាន់ពេល។ ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ មិនបង្កឱ្យមានអ្នកស្លាប់នោះទេ និងមិនមានរងរបួសស្នាមទៅលើភាគីដ៏ទៃនោះដែរ រងការខូចខាតតែរថយន្ត និងរងរបួសតៃកុងរថយន្ត និងអ្នករួមដំណើរតែប៉ុណ្ណោះ៕