ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែមករា​ឆ្នាំ​២០២១​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​សរុប​មាន​ចំនួន ៣៤ ២៧៣​តោន

92

 

​ភ្នំពេញ ៖ ក្នុង​ខែមករា​ឆ្នាំ​២០២១​នេះ បរិមាណ​អង្ករ​នាំចេញ​សរុប​មាន​ចំនួន ៣៤ ២៧៣​តោន មានការ​ថយចុះ​ចំនួន ១៦ ១៧៧​តោន (-៣២,០៧%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​ខែមករា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៥០ ៤៥០​តោន ក្នុងនោះ ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ អង្ករ​បាន នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន ២៨​ប្រទេស ក្នុងនោះ​ប្រទេស​ចិន ឈរ​លំដាប់​ទី​១  ។​

​បើតាម​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​ក្នុង​ខែមករា​ឆ្នាំ​២០២១ ដែល​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម វេ​ង សាខុន សូម​គោរព​ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា នៅក្នុង​ខែមករា ឆ្នាំ​២០២១​នេះ ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​ដូចខាងក្រោម​៖

​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ ៖ បរិមាណ​អង្ករ​នាំចេញ​ក្នុង​ខែមករា​ឆ្នាំ​២០២១ មាន​ចំនួន ៣៤ ២៧៣​តោន មានការ​ថយចុះ​ចំនួន ១៦ ១៧៧ តោន (-៣២,០៧%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​ខែមករា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៥០ ៤៥០​តោន (​សូម​បង្ហាញ ជូន​ក្នុង​តារាង​ទី​១​នៃ​ឧបសម្ព័ន្ធ​)​។​

​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣០ ០៣២​តោន ស្មើនឹង ៨៧,៦៣% និង​អង្ករ ស គ្រប់​ប្រភេទ​មាន​ចំនួន ៣ ៦៩៥​តោន ស្មើនឹង ១០,៧៨% និង​អង្ករ​ចំហុយ​មាន​ចំនួន ៥៤៦​តោន ស្មើនឹង ១,៥៩%​។ ក្នុងចំណោមរ​ង្ករ​ក្រអូប​ទាំងនោះ អង្ករ​ផ្ការំដួល ផ្កាម្លិះ​មាន​ចំនួន ១៩ ៨០៧​តោន ស្មើនឹង ៥៧,៧៩% (​សូម​បង្ហាញជូន​ក្នុង​តារាង​ទី​២ នៃ​ឧបសម្ព័ន្ធ​)​។​

​ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ អង្ករ​បាន នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន ២៨​ប្រទេស ក្នុងនោះ​ប្រទេស​ចិន ឈរ​លំដាប់​ទី​១ មាន​ចំនួន ១៦ ១៦៣​តោន ប្រទេស​បារាំង​ឈរ​លំដាប់​ទី​២ មាន​ចំនួន ៣ ៧២៣​តោន ប្រទេស​ហ្គា​បុ​ង ឈរ​លំដាប់​ទី​៣ មាន​ចំនួន ៣ ៥៧០​តោន ប្រទេស​ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៤ មាន​ចំនួន ៣ ១៨៤​តោន ប្រទេស អូស្ត្រាលី​ឈរ​លំដាប់​ទី​៥ មាន​ចំនួន ៩០៨​តោន សាធារណរដ្ឋ​ឆែក​ឈរ​លំដាប់​ទី​៦ មាន​ចំនួន ៨៩៥​តោន ប្រទេស អេ​ស្ប៉ា​ញ​ឈរ​លំដាប់​ទី​៧ មាន​ចំនួន ៧៨៦​តោន ប្រទេស​ណេ​ដឺ​ឡឺ​ន​ឈរ​លំដាប់​ទី​៨ មាន​ចំនួន ៧៥២​តោន ប្រទេស នូ​វែ​ល​ហ្សេ​ឡង់​ឈរ​លំដាប់​ទី​៩ មាន​ចំនួន ៥៦២​តោន និង​ប្រទេស​ម៉ា​យុ​ត​ឈរ​លំដាប់ ទី​១០ មាន​ចំនួន ៥០៣​តោន​។ បរិមាណ​អង្គរ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ជា​ទិសដៅ​សហភាព​វី​រ៉ុ​ប ចំនួន​១៤​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧ ៦៣៥ តោន (២២ ,២៨%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៦ ១៦៣​តោន (៤៧,១៥%) ទិសដៅ​អាស៊ាន ចំនួន​២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៣ ២៥៩​តោន (៩,៥១%) និង​ទិសដៅ​ដទៃទៀត​ចំនួន​១១​ប្រទេស​មាន​បរិមាណ​ស​រុ​ប ៧ ២១៦​តោន (២១,០៦%) (​សូម​បង្ហាញជូន​ក្នុង​តារាង​ទី​៣​នៃ​ឧបសម្ព័ន្ធ​) ។

ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៣៦​ក្រុមហ៊ុន ដែល​បរិមាណ​អង្ករ​នាំចេញ ត្រូវបាន​នាំមុខគេ​ដោយ​៖ (​ទី​១), ក្រុមហ៊ុន Khmer Foonds Group មាន​ចំនួន ៣ ៧៣៩​តោន (១០,៩១%) (​ទី​២)

​ក្រុមហ៊ុន Primalis Corporation មាន​ចំនួន ៣ ៥៧០​តោន (១០,៤២%) (​ទី​៣) ក្រុមហ៊ុន (Colden Rice (Cambodia) មាន​ចំនួន ៣ ២២៦​តោន (៩,៤១%) (​ទី​៤) ក្រុមហ៊ុន City Rice Import Export មាន​ចំនួន ៣ ២០១​តោន (៥៩,៤%) (​ទី​៥) ក្រុមហ៊ុន Golden Star Rice មាន​ចំនួន ៣ ១៧៧​តោន (៩,២៧%) (​ទី​៦) ក្រុមហ៊ុន Baitang (Kampuchea) មាន​ចំនួន ៣ ០៦៩​តោន (៨,៩៥%) (​ទី​៧).​ក្រុមហ៊ុន Angkor Byon Rice មាន​ចំនួន ១ ៥១២​តោន (៤,៤១%) (​ទី​៨), ក្រុមហ៊ុន Apsara Rice (Cambodia) មាន​ចំនួន ១ ៤១៣​តោន (៤,១២%) (​ទី​៩).​ក្រុមហ៊ុន Guohong (Cambodia) មាន​ចំនួន ១ ២៧៥​តោន (៣,៧២%) និង (​ទី​១០) ក្រុមហ៊ុន International Rice មាន​ចំនួន ១ ១៩៨​តោន (៣,៥០%)​។ បរិមាណរ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ទាំង​១០ មាន​រហូតដល់ ២៥ ៣៨០​តោន (៧៤,០៥%) នៅពេលដែល​បរិមាណ​នាំចេញ​ទៅកាន់​ទិសដៅ​របស់​ក្រុមហ៊ុន​២៦ ដទៃទៀត​បានត្រឹមតែ ៨ ៨៩៣​តោន (២៥,៩៥%) (​សូម​បង្ហាញជូន​ក្នុង​តារាង​ទី​៤​នៃ​ឧបសម្ព័ន្ធ​)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បាន​បញ្ជាក់ថា ក្នុង​ខែមករា​ឆ្នាំ​២០២១​នេះ បរិមាណ​អង្ករ​នាំចេញ​សរុប​មាន​ចំនួន ៣៤ ២៧៣​តោន មានការ​ថយចុះ​ចំនួន ១៦ ១៧៧​តោន (-៣២,០៧%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​ខែមករា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៥០ ៤៥០​តោន ហើយ​ការថយចុះ​នេះ​រួមមាន ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ១០ ៩៨៥​តោន ( -៥៩%) ទិសដៅ​ប្រទេស​អាស៊ាន​ចំនួន ២ ៦២៥​តោន (-៤៤,៦១%) និង​ទិសដៅ​ដទៃទៀត​ចំនួន ៣ ៧២៣​តោន (-៣៤,០៣%)​។ ដោយឡែក ប្រទេស​ចិន​មានការ​កើនឡើង​ចំនួន ១ ១៥៦​តោន (៧,៧%) (​សូម​បង្ហាញជូន​ក្នុង​តារាង​ទី ៥​នៃ​ឧបសម្ព័ន្ធ )​។​

​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែលជា​សេនាធិការ​របស់ ក្រុមការងារ​ទី​៩ នឹង​ខិតខំ​បន្ត​ពង្រីក​វិសាលភាព​ដើម្បី​បំពេញ​តួនាទី ក្នុងការ​បង្កើន​ការយល់ដឹង​ដល់​អ្នកពាក់ព័ន្ធ (​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​នឹង​បែបបទ​នាំចេញ​អង្ករ ក្រុមហ៊ុននាំចេញ​អង្ករ រោង​ម៉ាស៊ីនកិនស្រូវ និង​កែច្នៃ​អង្ករ ក្រុមហ៊ុន​ដឹកជញ្ជូន​។​ល​។ ដែល​កំពុងមាន​សកម្ម​ភាព​ពាក់ព័ន្ធ​នឹង​ការនាំចេញ​អង្ករ​) ក្នុងការ​រៀបចំ​ថែទាំ​ស្រូវ អង្ករ​មុន​ការនាំចេញ និង​បំពេញ បែបបទ​ដោយ​អនុលោម​តាម​ល័ក្ខខ័ណ្ឌ​តម្រូវ​របស់​ប្រទេស​នាំចូល និង​រាល់​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រទេស​នាំចូល​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​ភូតគាម​អនាម័យ​ទាំង​បរិមាណ គុណភាព និង​នីតិវិធី​ជា​ធរមាន​៕

អត្ថបទដែលជាប់ទាក់ទង