ការប្រកួតជើងឯកថ្នាក់ជាតិ ជាគោលការណ៍សំខាន់ សម្រាប់រកអ្នកមានជំនាញ និងសក្តានុពលខ្ពស់
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់បុរាណសម័យជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ក្លិបកីឡាចំបាប់ក្រសួងមហាផ្ទៃដណ្តើមឈរលំដាប់លេខ១កំពូលតារាងប្រកួតដោយដណ្តើមបានមេដាយទាំងអស់២១គ្រឿង ខណៈក្លិបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានជើងឯករង។
ក្នុងឳកាសពិធីបំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ជ័យលាភីនាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងឲ្យឯកឧត្តមវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោកស្រីមនោ រម្យ អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។
លោកខេស៊ីបាណេតបានមានប្រសាសន៍ថាចំបាប់ជាប្រភេទកីឡាដែលមានសក្តានុពលដោយតាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះគឺជាការចាប់ផ្តើមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះSEA GAMES លើកទី៣២ ឆ្នាំ២០២៣ជាមួយនឹងក្តីរំពឹងថានឹងឈ្នះមេដាយផងដែរ។
ដូច្នេះហើយយើងត្រូវត្រៀមខ្លួនបន្តការហ្វឹកហាត់ដើម្បីនាំយកនូវមោទនភាពជាតិពីការប្រកួតនេះក៏ដូចជាឲ្យអន្តរជាតិបានស្គាល់ចំបាប់កម្ពុជាដូចគ្នាផងដែរ។ លើសពីការរៀបចំប្រកួត SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជា យើងមិនភ្លេចពីការចូលរួមថែរក្សាវប្បធម៌ខ្មែរយើងផងដែរ ដោយសារប្រភេទកីឡាចំបាប់កម្ពុជា គឺមានវិញ្ញាសាចំបាប់អន្តរជាតិ (សម័យទំនើប) និងវិញ្ញាសាចំបាប់បុរាណ ជាវប្បធម៌ខ្មែរ ដោយនៅលើប្រាសាទបុរាណរបស់ខ្មែរក៏បានចម្លាក់នូវចំបាប់បុរាណនេះដែរ។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះក៏បានលើកឡើងទាក់ទងនឹងការត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុព្រឹត្តិការណ៍SEA GAMESលើកទី៣១នាខែវិច្ឆិកាឆ្នាំ២០២១នេះនៅប្រទេសវៀតណាមដែរដោយសហព័ន្ធនឹងរៀបចំខ្លួនឲ្យកាន់តែល្អប្រសើរតាមរយៈការស្វែងរកបន្ថែមនូវគ្រូបង្វឹកអន្តរជាតិនិងគម្រោងបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់បន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនគុណភាព បទពិសោធន៍ ក្នុងការហ្វឹកហាត់នៅក្រៅប្រទេសផង និងនាំយកគ្រូបង្វឹកអន្តរជាតិមកបង្ហាត់បង្រៀន កីឡាករ-កីឡាការិនី នៅក្នុងស្រុកផង។
សម្រាប់បេក្ខភាព SEA GAMES នៅប្រទេសវៀតណាម គឺការជ្រើសរើសកីឡាករ-កីឡាការិនីចេញពីការប្រកួតជើងឯកថ្នាក់ជាតិនេះ ហើយគោលការណ៍សំខាន់និងក្រមសីលធម៌គឺថាអ្នកណាដែលមានជំនាញខ្ពស់ជាងគេមានសក្តានុពលខ្ពស់ជាងគេនឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងមេដាយ នៅSEA GAMES ឆ្នាំ២០២១៕