រយៈពេល៥ខែដើមឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥៥.៩៤៧នាក់ ស្មើនឹង២,២%នៃចំនួនទេសចរអន្តរជាតិសរុប កើនឡើង៨៨,៩%
ព្រះសីហនុ ៖ កំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនបានធ្វើឲ្យវិស័យអាកាសចរណ៍នៅខេត្តព្រះសីហនុកើនឡើងជិត៨៩% ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី១២ សីហាថា ៖ អាកាសចរណ៍ជាច្រើនបានភ្ជាប់ជើងហោះហើរទៅកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ពិសេសក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិន ។
លោកបន្តថា៖ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ តាមតួលេខដែលលោកទទួលបាន គឺចំនួនអាកាសចរណ៍ចុះឡើងព្រលានយន្តហោះនេះ បានកើនឡើងរហូតដល់៨៨,៩% ។ លោកបន្តថា ៖កំណើនអាកាសចរណ៍នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ពិសេសកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគមកពីប្រទេសចិន ។លោកបន្តថា ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរចិនបានធ្វើឲ្យចំនួនបន្ទប់សណ្ឋាគារក្នុងក្រុងព្រះសីហនុ កើនឡើងជាប្រចាំផងដែរ ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ រយៈពេល៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២.៥៩៣.៨៤៧នាក់ កើនឡើង១៣,៥% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៧ ។ ក្នុងនោះ ភ្ញៀវចិនមានចំនួន៧៨៨.៣៨៧នាក់ ស្មើនឹង៣០,៤១%នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប កើនឡើង៧៨,៧% ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ លោកកំពុងសិក្សាពីតួលេខនេះឡើងវិញ ដើម្បីធ្វើឲ្យប្រាកដថា ចំនួនអាកាស ចរណ៍ពិតជាកើនឡើងដូចតួលេខពិតឬយ៉ាងណា ប៉ុន្តែតាមអ្វីដែលលោកដឹង គឺអាកាសចរណ៍ជាង៥០០ជើងបានចុះឡើងជាប្រចាំក្នុង១សប្តាហ៍ នៅព្រលានយន្តហោះក្នុងខេត្តនេះ ។ លោកបន្តថា ៖បើសិនជាមើលពីកំណើនភ្ញៀវទេសចរមកទស្សនាក្នុងខេត្តបានកើនឡើងច្រើន និងធ្វើឲ្យបន្ទប់សណ្ឋាគារខ្វះខាតជាប្រចាំ ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗ ។
លោកបន្តថា៖តាមកំណើនភ្ញៀវទេសចរ និងកំណើនយន្តហោះចុះចត ហាក់មានភាពខុសគ្នា ប៉ុន្តែខ្ញុំមិនទាន់សន្និដ្ឋានបែបណានៅឡើយទេ ។ លោកបន្តថា៖ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិន និងទេសចរអន្តរជាតិដទៃទៀត នឹងធ្វើឲ្យបន្ទប់សណ្ឋាគារនៅតែខ្វះខាត ទោះជាចុងឆ្នាំនេះមានសណ្ឋាគារធំៗចំនួន៥ ដែលមានបន្ទប់ជាង២ពាន់បានបើកដំណើរការក្តី ក៏ខេត្តនេះនឹងនៅតែខ្វះបន្ទប់ ។ លោកបន្ថែមថា នៅឆ្នាំ២០១៩ខាងមុខ លោកគិតថា ចំនួនអាកាសចរណ៍មកចុះចតនៅព្រលាននេះនឹងកើនឡើងថែមទៀត ។ តាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥៥.៩៤៧នាក់ ស្មើនឹង២,២%នៃចំនួនទេសចរអន្តរជាតិសរុប កើនឡើង៨៨,៩% ៕
សំរិត