ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនរសំរាមលើផ្ទៃទឹក សម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៏មកកម្សាន្ដ នៅតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ

176

កណ្តាល៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅ ជារមណីយដ្ឋានដ៏ចំណាស់មួយ មានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ។ កន្លងមក រមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅ ភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក ទើបធ្វើឱ្យបាត់ អតិថិជន មកទីនេះ ។

រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ត្រូវបានកែសម្រួលឲ្យប្រសើរឡើង ក្រោមកិច្ចសម្របសម្រួល របស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅ មានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្ត នៅក្នុងរមណីយដ្ឋានគឺ បញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោច ទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរ បញ្ចេញទស្សនៈរិះគន់ ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័ន ពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។
ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅ មើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញ ទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹក ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។
ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើន គ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹក បានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយ ពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផង ដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាល ដែលគ្រប់គ្រងរមណីយដ្ឋាន ទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជា រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕

អត្ថបទដែលជាប់ទាក់ទង