៩៨នាក់ចូលរួមប្រកួតហែលទឹក ជើងឯកព្រឹទ្ធាចារ្យហែម ថុន ដើម្បីរម្លឹកគុណូបសក្ការៈ និងស្នាដៃរបស់គាត់
ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុននាថ្ងៃទី១៩កុម្ភៈស្អែកនេះមានកីឡាករ កីឡាការិនីចូលរួមចំនួន៩៨នាក់ក្នុងនោះមាន៦៣នាក់ជាកីឡាករ ។
ពួកគេមកពីបណ្ដាក្លិប សមាគមចំនួន៩ដែលក្នុងនោះមានក្លិបក្រសួងសាធារណការណ៍ ក្លិបក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្លិបក្រសួងពត៌មាន ក្លិបនាគរាជខេត្តកំពង់ចាម ក្លិបហែលទឹកវ៉ាយវ៉ល ក្លិបព្រឹទ្ធាចារ្យហែម ថុន ក្លិបOASIS Swim Academy ក្លិបសាលាអន្តរជាតិISPP និង ក្លិបសាលាអន្តរជាតិ DECART FRANCE
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន ជាគំនិតផ្តួចផ្តើមរបស់ស៊ុន ចាន់ថុល ទេ សរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកធ្វើឡើងដើម្បីរម្លឹកគុណូបសក្ការៈ និងស្នាដៃរបស់លោកនិងបំផុសឲ្យកីឡាករ កីឡាការិនី យុវជនខ្មែរ និងបរទេសចូលរួម ព្រមទាំងអាណាព្យាបាលពួកគេចូលរួមគាំទ្រកូនៗនៅពេលប្រកួត។
លោកបានបន្តថាការបើកចំហរដល់យុវជនបរទេសចូលរួមនៅឆ្នាំនេះយើងនឹងមានកីឡាករកីឡាការិនីចូលរួមច្រើនផងនិងមានការប្រកួតខ្លាំងផ្នែកបច្ចេកទេសរវាងកីឡាករតាមក្លិបធំៗក្លិបឯកជននិងសាលារៀនអន្តរជាតិហើយការធ្វើការបែបនេះមិនមែនជាទង្វើដែលធ្វើតាមការនឹកឃើញនោះឡើយគឺប្រទេសជិតខាងយើងក៏ដូចជាបណ្ដាប្រទេសអាស៊ាននិងពិភពលោកក៏ការប្រកួតយុវជនតាមកម្រិតអាយុនេះគេអនុញ្ញាតឲ្យយុវជនប្រទេសដទៃចូលរួមដែរ។
ការធ្វើដូច្នេះក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាឲ្យមានកម្រិតខ្ពស់ នៅពេលមានអត្តពលិកបរទេស និងអ្នកដទៃចូលរួមនឹងមានសកម្មភាពប្រកួតប្រជែងខ្លាំងដូចជាអត្តពលិកបរទេសមានកម្រិតខ្ពស់អាចទាញឲ្យអត្តពលិកយើងមានការប្រឹងប្រែងកាន់តែខ្លាំងឡើយ។
លោកអគ្គលេខាធិការបន្ថែមទៀតថាចំពោះចំណាត់ថ្នាក់កីឡាករកីឡាការិនីកម្ពុជាយើងទទួលបានដដែលដោយឡែកអត្តពលិកបរទេសមិនទទួលបានចំណាត់ថ្នាក់ទេ ប៉ុន្តែសហព័ន្ធនឹងប្រគល់លិខិតបញ្ជាក់ពីការប្រកួត ។ហើយការធ្វើបែបនេះដូចជាសហរដ្ឋអាមេរិក ជប៉ុន និងថៃជាពិសេសប្រទេសដែលវិស័យកីឡាហែលទឹកខ្លាំងក៏ធ្វើដូចនេះដែរ ។
ការធ្វើបែបនេះគឺដើម្បីលើកកម្រិតសមត្ថភាពកីឡាហែលទឹកឲ្យមានកម្រិតថ្នាក់ជាតិឲ្យកាន់តែខ្ពស់ស្មើកម្រិតអន្តរជាតិ។នេះជាជំហានទី១ដែលសហព័ន្ធកំពុងកែទម្រង់ការងារសមត្ថភាពរបស់អត្តពលិកហែលទឹកកម្ពុជា។គិតមកដល់ពេលនេះយើងមានកីឡាករយុវជនបរទេសមួយចំនួនបានចុះឈ្មោះចូលរួមហើយដោយឲ្យពួកគាត់ប្រកួតតាមកម្រិតអាយុសព្វថ្ងៃនេះយើងកំពុងបំផុសតាមក្លិបឯកជននិងសាលារៀនអន្តរជាតិចូលរួម សម្រាប់ការប្រកួតឆ្នាំនេះក៏មានក្លិបឯកជន និងសាលារៀនអន្តរជាតិចូលរួមដែរ។
លោកហែមគីរីអះអាងថាសកម្មភាពបែបនេះនឹងទទួលបានការគាំទ្រពីមហាជនជាពិសេសអាណាព្យាបាលព្រោះយើងចង់ឲ្យអាណាព្យាបាលយល់ឃើញថា ការប្រកួតកីឡាហែលទឹក និងការហាត់ហែលទឹកមានសារសំខាន់ សម្រាប់កូនរបស់ពួកគាត់ និងការតាំងចិត្តចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។ ការប្រកួតជាផ្លូវការចាប់ផ្ដើមនាថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២១នៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតចែកចេញជា៣ប្រភេទគឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំប្រភេទទី២សម្រាប់កុមារាកុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំនិងប្រភេទទី៣សម្រាប់វ័យយុវជនយុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ។ចំណែកកុមារាកុមារីអាយុពី១០ដល់១១ឆ្នាំវិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រហែលរបៀបផ្ងារចមងាយ៥០ម៉ែត្រនិងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រនិងវិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំដែលមានចំនួន៤និងវិញ្ញាសានោះគឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ។
ចំពោះវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រនិងវិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រវិញ្ញាសាសម្រាប់យុវជនយុវនារីដែលមានចំនួន៤វិញ្ញាសាដែរនោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ៕