ហុកគីប្រើលុយខ្លួនឯង ដើម្បីប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង
ភ្នំពេញ៖ សហព័ន្ធកីឡាហុកគីកម្ពុជាបានបង្កើតនូវប្រវត្តិសាស្ត្រខ្លួនឯងដោយរកថវិកាខ្លួនឯងដើម្បីប្រកួតជើងឯកថ្នាក់ជាតិជាលើកដំបូងដែលជាជើងឯកឆ្នាំ២០២០ ។
តាមការគ្រោងទុកការប្រកួតនឹងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកកាំង សុធាអគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបានអះអាងថាថាការប្រកួតជើងឯកថ្នាក់ជាតិនេះទើបតែបានរៀបចំជាលើកដំបូងទេ ទោះបីជាប្រភេទកីឡាហុកគីនេះធ្លាប់បានរៀបចំការប្រកួតក្នុងស្រុក និងធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិនានា នាពេលកន្លងមកក្តីហើយការប្រកួតជើងឯកថ្នាក់ជាតិលើកទី១នេះសហព័ន្ធប្រើប្រាស់ថវិកាខ្លួនឯងផ្ទាល់ព្រោះសហព័ន្ធមិនធ្លាប់ទទួលបានកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំយុវជន និង កីឡាដូចសហព័ន្ធនានានោះទេ។
ការប្រកួតនេះមាន៥ក្រុមចូលរួមដែលមកពី៣រាជធានី-ខេត្ត ដោយ៣ក្លិបស្ថិតនៅរាជធានីភ្នំពេញ និង២ក្លិបទៀតមកពីខេត្តកំពង់ធំ និងខេត្តកំពង់ចាម។សហព័ន្ធជំនាញមួយនេះមិនបានរៀបចំវិញ្ញាសាច្រើនឲ្យបានទូលំទូលាយពេកទេដោយសារតែលទ្ធភាពរបស់ខ្លួននៅមានកម្រិត ដោយរៀបចំតែលើវិញ្ញាសាហុកគីក្នុងសាលបុរស ៥នាក់ទល់៥នាក់ ហើយក្រុមទាំង៥នឹងត្រូវប្រកួតលក្ខណៈវិលជុំ។
លោកសុធាបន្ថែមថា ទោះយ៉ាងនេះក្តី នៅឆ្នាំក្រោយៗ សហព័ន្ធនឹងខិតខំរៀបចំឲ្យបានច្រើនវិញ្ញាសាទាំងបុរស-នារី ប្រភេទអាយុ និងបង្កើនក្រុមចូលរួមប្រកួតឲ្យបានច្រើនជាងនេះប្រជែកាលណាការប្រកួតកាន់តែច្រើននោះសិទ្ធផលកីឡាករកីឡាការិនីកាន់តែល្អប្រសើរទៅតាមនោះដែរ។
ជាមួយគ្នានេះដែរសហព័ន្ធបានដាក់ចេញនូវគោលការណ៍រៀបចំការប្រកួតជើងឯកការប្រកួតពានរង្វាន់ផ្សេងៗទៀតនាពេលខាងមុខដើម្បីបង្កើតបាននូវធនធានបន្ថែមនិងពង្រឹងគុណភាពកាន់តែប្រសើរដែលតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិដែលជាការប្រកួតប្រជែងក្នុងកម្រិតជំនាញខ្ពស់ជាងគេនឹងអាចស្វែងរកធនធានប្រកបដោយសមត្ថភាពផងដែរ ដើម្បីជ្រើសរើសប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ។
ជាមួយគ្នានោះតាមរយៈការប្រកួតនេះក៏ជាការបង្កើនសិទ្ធផលរបស់កីឡាករកីឡាការិនីរបស់ខ្លួនត្រៀមឆ្ពោះទៅប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគឺការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមវ៉ាត់ ចំរើនប្រធានសហព័ន្ធកីឡាហុកគីកម្ពុជាបានឲ្យដឹងថាការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះត្រូវបានធ្វើឡើងស្របតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២០របស់សហព័ន្ធដោយការទទួលចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយរបស់ក្លិបសមាគមក្រសួងស្ថាប័នរាជធានីខេត្តនៅតែបន្តទទួលរហូតដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១នៅទីស្នាក់ការសហព័ន្ធនៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ចំពោះការចំណាយលើការស្នាក់នៅហូបចុកនិងការធ្វើដំណើរជាបន្ទុករបស់សាម៉ីក្លិប-សមាគម ៕