មន្ទីរកសិកម្ម ខេត្ដមណ្ឌលគិរីថា មានក្រុមហ៊ុនចំនួន២ចូលខ្លួន ចុះកុងត្រាបញ្ជាទិញបន្លែសុវត្ថិភាព នាំមកលក់ទីផ្សារ ភ្នំពេញ
មណ្ឌលគិរី៖ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្ដដែលអំណោយផល មានលក្ខណៈភូមិសាស្ត្រ ខាងវិស័យកសិកម្ម ដោយសារ មានអាកាសធាតុ ត្រជាក់ ដី មានជីវជាតិយ៉ាងល្អសម្រាប់ដាំដុះដំណាំ ស្ទើរគ្រប់ ប្រភេទ។
ដោយសារកត្តាអំណោយផលពីធម្មជាតិនេះហើយ បានធ្វើឱ្យបន្លែសរីរាង្គដែលកសិករបានដាំនៅខេត្តមណ្ឌលគិរី លូតលាស់ល្អ ព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែកធ្វើឱ្យមានការបញ្ជាទិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូត ដល់មានក្រុមហ៊ុនមកចុះ កុងត្រាជាមួយកសិករ ដើម្បីនាំយកមករាជធានីភ្នំពេញ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១នេះថា៖ ការដាំបន្លែធម្មជាតិរបស់កសិករក្នុងខេត្តមណ្ឌលគិរី មានការកើនឡើង យ៉ាង ច្រើន បន្ទាប់ពីមន្ទីរបានបង្កើតឱ្យមានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន២ នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ដែលមានកសិករជាច្រើនគ្រួសារជាសមាជិក។ លោកបន្តថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញ បន្លែសុវត្តិភាពនៅក្នុងខេត្តមណ្ឌលគិរីដោយទី ១ ក្រុមហ៊ុនសហគ្រាសភូមិកសិកម្មធម្មជាតិ និងទី២ ក្រុមហ៊ុនមាស បៃតង។
លោកប្រធានមន្ទីរបញ្ជាក់ថា ការចុះកិច្ចសន្យាបញ្ជាទិញកសិផល ពីកសិករនេះ គឺបានធ្វើឱ្យកសិករ ទទួលបានផលចំណេញច្រើន ដោយរក្សាបានតម្លៃក្នុងការចរចារ ដាំដុះទៅតាមតម្រូវការរបស់អ្នកបញ្ជាទិញ ដែលធ្វើឱ្យកសិករផលិតមិនសល់ចោលខ្វះទីផ្សារដូចពេលមុនៗឡើយ។
លោក លឿង វ៉ាន់ថន ជាកសិករដាំបន្លែ នៅភូមិចម្ការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឱ្យដឹងថា៖ បច្នុប្បន្នលោកមានផ្ទៃដីដាំបន្លែទំហំ៦ ហិកតា ដែលអាចទទួលបានទិន្នផល៥០០គីឡូក្រាម ទៅ១តោនជារៀងរាល់ថ្ងៃ តាមការបញ្ជាទិញ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារនៅខេត្តមណ្ឌលគិរីខ្លះ និង នាំចេញទៅភ្នំពេញខ្លះ។
លោកបន្តថា៖ បន្ទាប់ពីទទួលបានជោគជ័យ លោក នឹងពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមឱ្យគ្រប់ចំនួន១០ហិកតា ដើម្បីបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងផ្សារទំនើបនានា ដែលបានចុះកុងត្រាទទួលទិញបន្លែពីចម្ការរបស់លោក ។
លោកបានបញ្ជាក់ទៀតថា នៅខេត្តមណ្ឌលគិរី វិស័យ វប្បកម្មកំពុងមាន ការទាក់ ទាញប្រកបដោយ សក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ជាពិសេស ទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹម បារាំង និងការ៉ុត។ ក្នុងនោះ ផ្ទៃដីដាំបន្លែជាទូទៅរបស់កសិករ មានទំហំចាប់ ពីកន្លះហិកតា ទៅ៣ហិកតា ហើយចម្ការបន្លែធំជាងគេនៅក្នុងខេត្តគឺមានទំហំចាប់ពី៦ហិកតាឡើងទៅ៕. សំរិត