ក្រសួងកសិកម្ម ប្រកាសមិនតម្រូវឱ្យម្ចាស់កសិដ្ឋានដំណាំ ឈើហូបផ្លែមកចុះ បញ្ជីនៅក្រសួងនោះទេ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ ក្រសួងមិនតម្រូវឱ្យម្ចាស់កសិដ្ឋានដំណាំឈើហូបផ្លែមកចុះបញ្ជីនៅក្រសួងនោះទេ ស្របពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយព័ត៌មានថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ប្រកាសឱ្យកសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់ត្រូវមកចុះបញ្ជីនៅក្រសួង ដែលធ្វើឱ្យមាន ការភ័ន្តច្រឡំពីសាធារណជននោះ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដើម្បីឱ្យចេកនៅព្រះរាជា ណាចក្រកម្ពុជាអាចធ្វើការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន (តំណាងឱ្យរដ្ឋបាលគយចិន) បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេក កម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ ក្នុងពិធីសារ នោះ មិនមានតម្រូវឱ្យម្ចាស់កសិដ្ឋានដាំដំណាំឈើហូបផ្លែលក្ខណៈ គ្រួសារ ទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួង នោះទេ តែប្រសិនបើ អាជីវកម្ម ខ្នាតធំ
តម្រូវឱ្យ ម្ចាស់កសិដ្ឋានដំណាំចេក ឬផ្លែឈើផ្សេងៗ ដែល មានបំណងនាំចេញទៅកាន់ ប្រ ទេសក្រៅ ត្រូវតែមកចុះបញ្ជីជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីសមត្ថកិច្ចជំនាញការពាររុក្ខជាតិ និងភូតគាមអនាម័យនៃប្រទេសទាំងពីរពិនិត្យ និងវាយ តម្លៃលើលក្ខណៈបច្ចេកទេស ការគ្រប់គ្រងការដាំដុះ ការវេចខ្ចប់ ឱ្យស្របតាមលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ ដូចមានចែងក្នុងពិធីសារមុននឹងធ្វើការនាំចេញ។ សេចក្ដីប្រកាសព័ត៌មានបន្តទៀថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា បណ្ដាញព័ត៌មាន និងសាធារណជន ពិតជាបានយល់ច្បាស់អំពីអ្វីដែលក្រសួងបាននិងកំពុងធ្វើ ហើយនឹងជម្រះ បាននូវការមន្ទិលសង្ស័យនានា ពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដាំដំណាំ ចេកនាំចេញទៅកាន់ប្រទេសចិននេះ៕