ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណូតពីរគ្រឿង បើកពេលយប់ គ្មានភ្លើងបំភ្លឺ ហើយបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់

436


សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរផ្លូវទឹក បានកើតឡើង រវាងកាណូតបុកកាណូត នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

អធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងទៀតថា ករណីនេះគឺមានកាណូតម៉ាកCNC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៥,៩០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះ មាន ភុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ដឹកឈ្មោះ ប៉ែន ភីរុន ភេទប្រុស អាយុ២២ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីត្បូងទៅជើង បានបុកនឹងកាណូតម៉ាកCCC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៦,១០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ (ស្លាប់) នៅភូមិទ្រាយ ឃុំពោធិទ្រាយ ដឹកកូនឈ្មោះសុខ ចិត្រា ភេទប្រុស អាយុ១១ឆ្នាំ បើកបរទិសដៅពីជើងទៅត្បូង ។

ប្រភពដដែល បានឲ្យដឹងបន្ថែមទៀតថា មូលហេតុនេះ គឺអ្នកបើកបរកាណូតទាំង២ បានបើកបរក្នុងល្បឿនលឿន និងគ្មានភ្លើងបំភ្លឺ ហើយក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ប្រមូលវត្ថុតាង និង កសាងសំណុំរឿងតាមនីតិវិធី និងសុំគោលការណ៍ឃាត់ខ្លួនអ្នកបើកបរកាណូតបង្ក រីឯសាកសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង