រកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩ បុគ្គលិកក្លឹបខារ៉ាអូខេ ឡូហ្សិត២ ចំនួន៧៤ នាក់ សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកល្ពៅ
ខេត្តកណ្តាល ៖ លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានចេញផ្សាយព័ត៌មានលើផេកផ្លូវការថា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩ ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។ បុគ្គលិកក្លឹបកម្សាន្តឡូហ្សិច២ ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកល្ពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចប្រាប់ថា ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត២) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។
ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ៕