ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី​ទេសចរណ៍ រំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នា​អំឡុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​

62

 

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​លិខិត​ស្នើឱ្យ​អភិបាល​រាជធានី​-​ខេត្ត បន្ត​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នា​អំលុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​ការណែនាំ​ទាំងនោះ​រួមមាន ៤ ចំណុច​៖

១៖ ត្រូវ​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យបាន​ជាប្រចាំ​នូវ​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​វិធានការណ៍ «៣​ការពារ ៣​កុំ​» ដែល​រួមមាន​៖ អនុវត្ត ៣​ការពារ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ឱ្យបាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១ ម៉ែត​កន្លះ​ឡើងទៅ​ឱ្យបាន​គ្រប់គ្នា និង​នៅ​គ្រប់​ទីកន្លែង​។ អនុវត្ត ៣​កុំ គឺ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្ដាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ កុំ​ចេញ​ក្រៅ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ហៅ​ទៅ​លេខ ១១៥​។​

២៖ បន្ត​ត្រួតពិនិត្យ​ជាប្រចាំ និង​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ចំពោះ​អាជីវកម្ម​ស្ប៉ា ម៉ាស្សា​សុខភាព និង​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ (​មាន​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន​) ដែល​ពុំទាន់​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរ​ឡើងវិញ​។​

៣៖ ចំពោះ​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ KTV នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត ដែល​បានប្រែក្លាយ​ទៅជា​ភោជនីយដ្ឋាន ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុងករណី​ដែល​អាជីវកម្ម​ធ្វេសប្រហែស មិនបាន​អនុវត្ត​នូវ​ផ្នែក ឬ​ចំណុច​ណាមួយ​នៃ​គោលការណ៍​ណែនាំ ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រហូត​មានការ​កែតម្រូវ​ស្របតាម​គោលការណ៍​ណែនាំ ទើបត្រូវ​បានអនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​។​

៤៖ ចំពោះ​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី​១) ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​កន្លងមក ក្នុងនោះ​រួមមាន វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក វិធាន​សុវត្ថិភាព​សម្រាប់​រមណី​យ​ដ្ឋា​ន​ទេសចរណ៍ និង​វិធាន​សុវត្ថិភាព​សម្រាប់​សហគម​ន៍​ទេសចរណ៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ផុលផុស និង​អនុវត្ត​ឱ្យបាន​ជាប្រចាំ​ជាង​មុន​បន្ថែមទៀត តាមរយៈ​ក្រុមការងារ​បាន​បង្កើតឡើង​៕

អត្ថបទដែលជាប់ទាក់ទង