ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនឃុំនៅស្រុកកោះសូទិនទទួលបាន ការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើដំណើរតាមទូកយកអំណោយកាកបាទក្រហហមកម្ពុជាទៅចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាច្រើនគ្រួសារ នៅ ក្នុងខេត្តកំពង់ចាម ដែលសកម្មភាពនេះ គឺពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរចំពោះប្រជាពលរដ្ឋ រងគ្រោះ នៅពេលដែលពួកគាត់ជួបការលំបាក។
ជាក់ស្តែងជាថ្មីម្តងទៀត នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨នេះប្រជាពលរដ្ឋ ចំនួន ៤៧៧គ្រួសារ នៅ ក្នុងឃុំល្វេ ស្រុកកោះសូទិន បានទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តាមរយៈលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងរយៈពេលនៃគ្រោះទឹកជំនន់នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះ បានទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទាន់ពេលវេលាពីសំណាក់ ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពង់ចាម ។ ស្របតាមទទួលអំណោយដ៏ថ្លៃថ្លានេះប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនគិត និន្នាកាលនយោបាយ ឡើយ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិតស្របតាមពេលវេលាដែលបងប្អូនប្រជាពលរដ្ឋកំពុងត្រូវការជំនួយ ថ្វីដ្បិតតែសំភារៈ និងថវិកាទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោកគួច ចំរើនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា។
លោកគួច ចំរើន ក្នុងឱកាសនោះក៏ បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ពណ៍សម្បុរអ្វីឡើយ គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅដ្ឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៤សីហានេះ មានមនុស្សក្មេងចាស់១០នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត មកទល់ពេលនេះ ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម៕