ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យសមុទ្រឆ្នាំ២០១៨ ធ្វើនៅខេត្តកោះកុង

103

កោះកុង៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង មានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំបុណ្យសមុទ្រឆ្នាំ២០១៨ នៅខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង ស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង សរុបប្រមាណជិត ១០០នាក់។

សូមជម្រាបថា សម្រាប់ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៧ នៃការរៀបចំបុណ្យសមុទ្រ និងជាជុំទី២ សម្រាប់ខេត្តកោះកុងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រ បន្ទាប់ពីបានធ្វើលើកទី១កាលពីឆ្នាំ២០១៤ ប្រកបដោយជោគជ័យ។ ដោយមានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ពិធីបុណ្យសមុទ្រឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យសមុទ្រ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

បន្ទាប់ពីលោកស្រីអភិបាលខេត្ត បានរាយការណ៍ពីលទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកជំនាញទាំងអស់របស់ខេត្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិឲ្យបានល្អ និងការពិភាក្សាផ្តល់យោបល់ពីអង្គប្រជុំរួចមក លោក ថោង ខុន បានធ្វើការបូកសរុប និងដាក់ចេញនូវអនុសាសន៍ណែនាំសម្រាប់អនុវត្តដូចខាងក្រោម៖
១-រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូទេសចរណ៍
ពិសេសត្រូវរៀបចំឲ្យមានឆ្នេរខ្សាច់មួយ ដើម្បីជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្ត។
២-ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍។ សំខាន់ត្រូវជម្រុញចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
៣-ការរៀបចំកែលំអ និងលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែងលំអនៅទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។
៤-ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃ នៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។
៥-ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានដូចជា ការសម្តែងសិល្បៈវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។
៦-រៀបចំបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធីបុណ្យសមុទ្រ និងសហការជាមួយក្រុមការងារថ្នាក់ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង