រថយន្តបុករថយន្តកំពុងអ៊ុតផ្លូវ របស់ក្រុមហ៊ុនចិន បណ្តាលឲ្យស្លាប់ជនជាតិចិនម្នាក់ របួសធ្ងន់ស្រាល២នាក់
កណ្តាល៖គ្រោះថ្នាក់ចរាចររវាងរថយន្តបុករថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥៥នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ចំណុចមុខឡឥដ្ឋ ហ៊ាន ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងកើតឡើង ដោយសាររថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-5518 បើកបរដោយ ឈ្មោះ ផេង លាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ស្វាយព្រៃឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើដំណើរពីត្បូង ទៅជើងលុះមកដល់ចំណុចកើតហេតុបាន មកបុកមនុស្សម្នាក់ឈ្មោះយុ សុំគិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាដ្ឋានចិន ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងតែដើរតិចៗកាន់សាជី ស៊ីញ៉ូរថយន្តដែលធ្វើដំណើរមកពីទិសខាងត្បូងចៀសទៅគន្លងមួយទៀង ប៉ុន្តែរថយន្តខាងលើមិនចៀសក៏មកបុកមនុស្ស ដែលស៊ីញ៉ូខាងលើ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តបង្កខាងលើ បានជ្រុលទៅបុក រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4293 ដែលបើកបរដោយឈ្មោះ ញឹម ផាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដែលកំពុងតែស៊ីញ៉ូថយក្រោយតិចៗ ដើម្បីអ៊ុតគំនូសចរាចរណ៍លើទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ដល់ឈ្មោះ ផេង លាង និងរបួសស្រាលដល់ឈ្មោះញឹម ផាន់នី ហើយបានបញ្ជូនទៅព្យាបាលនៅពេទ្យព្រះកេតុមាលា។
នគរបាល បានបញ្ជាក់ពីមូលហេតុ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខព្រះសីហនុ 3A-5518 ធ្វើដំណើរពីត្បូងទៅជើង ហើយបើកបរលឿន ក៏មកបុកមនុស្ស និងរថយន្ត ដែលកំពុងស៊ីញ៉ូ និងថយក្រោយ អ៊ុត គំនូស លើទ្រូងផ្លូវ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោយទាំងពី មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំពោះសពជំនាញបានធ្វើកំណត់ ហេតុប្រគល់ជូនក្រុមហ៊ុនចិនយកទៅធ្វើបុណ្យតាមប្រពៃណី។ សេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខព្រះសីហនុ 3A-5518 បើកបរលឿន ហើយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកមនុស្ស និងរថយន្ត បណ្ដាលមានមនុស្សស្លាប់ ៕