លេចឮយកប្រាក់ ជាថ្នូនឹងការបំពេញការងារ ក្នុងការចុះពិនិត្យដីជម្លោះជាមួយ ក្រុមហ៊ុន Union តែអាជ្ញាធរបដិសេធ
ភ្នំពេញ៖ នាថ្មីៗនេះ មានលេចឮពាក្យចចាមអារ៉ាមថា ក្រុមការងារទាមទារឱ្យមានការបង់ប្រាក់ពីប្រជាពលរដ្ឋ ដើម្បីជាថ្នូរក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពនៅទីតាំងដី។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ក្រុមការងារក្រសួង និងថ្នាក់ខេត្ត សូមបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ ហើយសូមបញ្ជាក់ជូនថា កិច្ចការខាងលើនេះ មិនតម្រូវឱ្យមានការបង់ប្រាក់នោះឡើយ។
ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានបដិសេធថា មិនមានករណីយកប្រាក់ជាថ្នូ នឹងការបំពេញការងារក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពទីតាំង ដីជម្លោះរវាងប្រជាពលរដ្ឋ ជាមួយ ក្រុមហ៊ុន Union Development Group Co.,Ltd ដូចពាក្យចចាមអារ៉ាមនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរខេត្តកោះកុង ។
រដ្ឋបាលខេត្តកោះកុង បានប្រាប់បងប្អូនប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនUnion Development Group Co.,Ltdស្ថិតនៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ឱ្យដឹងថា កន្លងមកក្រុមការងាររបស់ក្រសួងបរិស្ថាន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត បានសហការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាពនៅទីតាំងជាក់ស្តែង ដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់វិនិយោគ អភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group.,Ltd សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ ខេត្តកោះកុង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៣១៧គ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លី ពាក់ព័ន្ធនឹងដីសម្បទានស្ករអំពៅ នៅឃុំជីខលើ ឃុំជីខក្រោម ឃុំដងពែង និងឃុំកណ្ដោល ខេត្តកោះកុង បានដើរហែរក្បួនកាត់រាជធានីភ្នំពេញ ដើម្បីទាមទារដីធ្លីនិងសំណងជំងឺចិត្ត។
ប្រជាពលរដ្ឋទាំងនោះ ត្រូវបង្ខំចិត្តធ្វើដំណើរពីកោះកុងមកភ្នំពេញ ។ ពួកគាត់បានមកដល់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយតំណាងក្រសួង ដើម្បីរកដំណោះស្រាយ៕