ចាប់ខ្លួនពីរនាក់ប្តីប្រពន្ធ លួចលុយព្រះសង្ឃក្នុងវត្តបុប្ផាសុវណ្ណ ជាង២លានរៀល
ពោធិ៍សាត់៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ដែលលួចលុយព្រះសង្ឃចំនួន២.៤៥៤.៥០០រៀល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងកម្លាំងប្រជាការពារដឹកនាំ ដោយលោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកុដិលោកវត្តបុប្ផាសុវណ្ណស្ថិតក្នុងភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពចោរកម្មនេះភ្លាម លោកបានដឹកនាំកម្លាំងនគរបាល និងប្រជាការពារក្នុងភូមិធ្វើការចុះបង្ក្រាបភា្លមៗទាន់ពេលវេលា និងចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី មានឈ្មោះ ស៊ូ គឹមហ៊ុល អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព ឃុំព្រែកមហាទេព ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង និងជនសង្ស័យជាប្រពន្ធឈ្មោះ ឈុន ស្រីពៅ អាយុ ២៧ ឆ្នាំមានកូន ២ នាក់ប្រុស។ រីឯវត្ថុតាងរួមមាន៖ម៉ូតូម៉ាកឃ្លីក ១គ្រឿង ពណ៌ស គ្មានស្លាកលេខ ទូរស័ព្ទដៃ ២ គ្រឿង និងលុយ ចំនួន ២.៤៥៤.៥០០រៀល។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕