រដ្ឋបាលខេត្តព្រះសីហនុ ឲ្យផ្លាកធ្វើរអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភទចេញ – ចូលខេត្តព្រះសីហនុមួយរយៈសិន
ព្រះសីហនុ ៖ សេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា÷ ក្នងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្លាកធ្វើរអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភទចេញ – ចូលខេត្តព្រះសីហនុមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាល បន្ថែមទៀតទៅដល់ទីតាំងដទៃនាំឱ្យមានការពិបាកក្នុងការគ្រប់គ្រង។
ចំពោះរថយន្តដឹកជញ្ជូនទំនិញនៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺ អ្នកបើកបរ និងជំនួយការអ្នកបើកបរ (រថយន្ត)។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ -ចូល ទៅ-មករាជធានី ខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺ កូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជា មណ្ឌលចត្តាឡីស័ក ឱ្យបានចប់សព្វគ្រប់សិន។
សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្ដុំច្រើនកុះករក្នុងករណ៏មិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅ តាមបែបតន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនរួមមាន៖ ៣ ការពារ គឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល(ចាប់ពី១,៥ម៉ែត្រឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) និង ៣កុំ គឺ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នា… ជាដើម។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ដោយត្រូវបន្ថយការជួបជុំ គ្នានៅតាមទីសាធារណៈ ទីប្រជុំជននានា និងពិធីផ្សេងៗ។ ក្នុងករណីចាំបាច់ត្រូវចេញក្រៅផ្ទះត្រូវពាក់ម៉ាសជាប់ ជានិច្ច។ បើមានករណីសង្ស័យពាក់ព័ន្ធជាមួយជំងឺកូវី៨-១៩ ត្រូវផ្តល់ព័ត៌មានមករដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ៖ 012 794 896 (ភាសាខ្មែរ) 011 546 667 (ភាសាចិន) 012 789 222 (ភាសាអង់គ្លេស)។
ទទួលបានសេចក្តីជូនដំណឹងនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តត្រូវទទួល បន្ទុកផ្សព្វផ្សាយ អនុវត្តឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត៕