ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ស្លាប់ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ដោយសាររើថ្នាំញៀន និងគាំងបេះដូង

62

 

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានស្លាប់ក្នុងអំឡុងពេលទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ជនជាតិចិនដែលស្លាប់ឈ្មោះ ឡាយ ប៊ីនស៊ាង (LAY BINXIANG) អាយុ៣៤ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំង បេះដូងស្លាប់ភ្លាមៗតែម្តង។

យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដាក់ ទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជំងឺជាអ្នកជក់បារីច្រើន។ ស្ថានភាពមុនពេលស្លាប់ អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវីដ-១៩ ព្រែកព្នៅ ដោយមានលទ្ធផលវិភាគវត្ថុសំណាកមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដោយមិនមានរោគសញ្ញា។

ក្រោយពីក្រុមការងារកោសល្យវិច្ច័យបានពិនិត្យសាកសពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឃើញថាៈ លទ្ធផលទទួលបានពីការពិនិត្យទឹកនោមបានបង្ហាញថា មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះ បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។ សេចក្តីសន្និដ្ឋាន៖ អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំង បេះដូងស្លាប់ភ្លាមៗតែម្តង។

ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ-១៩ ដោយពិភាក្សា ជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។

សូមជម្រាបថា ជនជាតិចិនដែលស្លាប់ គឺបានយកសំណាកមកធ្វើតេស្តកូវីដ-១៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។
ប្រវត្តិនៃការឆ្លងជំងឺកូវីដ-១៩៖ បុគ្គលបានប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ទទួលមរណៈភាពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ព្រឹក (នៅក្នុងមណ្ឌលព្យាបាលកូវីដ -១៩ព្រែកព្នៅ)៕

 

អត្ថបទដែលជាប់ទាក់ទង