ជនសង្ស័យ៤នាក់ជាកម្មករបូមខ្សច់លួចប្រេងថៅកែ ញឹកពេកចាប់ខ្លួនដាក់គុក
ភ្នំពេញ៖ជនសង្ស័យ៤នាក់ចំណោមគូកនវា៥នាក់ដែលជាកម្មករបូមខ្សាច់ដែលបានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតនៅការដ្ឋានបូមខ្សាច់ជាញឹកញាប់នោះត្រូវថៅកែបូមខ្សាច់ប្ដឹងមកសមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួនចាត់ការតាមច្បាប់។
សមត្ថកិច្ចប៉ូលិសបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨នេះថាជនសង្ស័យដែលលួចប្រេងម៉ាស៊ូត នៅចំណុចការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញក្នុងអំឡុងពីខែមករា ឆ្នាំ២០១៨ ដល់ចុងខែកក្កដា ឆ្នាំ២០១៨ ម៉ោង២១។
សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថាការចាប់ឃាត់ខ្លួនជនសង្ស័យទាំងអស់នោះគឺយោងតាមដើមបណ្តឹងឈ្មោះថៃ ឡុង ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងការដ្ឋានបូមខ្សាច់ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនសង្ស័យ០៤នាក់ រួមមាន១-ឈ្មោះសួន វិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច់ ។
២-ឈ្មោះជន យីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច ។
៣-ឈ្មោះសួន វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច ។
៤-ឈ្មោះកុច កុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច ។ទាំង០៤នាក់ស្នាក់នៅការដ្ឋានបូមខ្សាច់ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ប៉ូលិសបាននិយាយរៀបរាប់ថាមុនពេលកើតហេតុ ដើមបណ្តឹងបានជួលជនសង្ស័យ០៥នាក់ ឈ្មោះ សួនវិសាល, ឈ្មោះជន យីម, ឈ្មោះសួន វិចិត្រ, ឈ្មោះកុច កុយ និងឈ្មោះឆាយ ឲ្យមកធ្វើជាកម្មករបូមខ្សាច់ (ចំណុចកើតហេតុ ខាងលើ) ហើយឲ្យស្នាក់នៅក្នុងការដ្ឋាន នោះ។ ហើយនៅក្នុងអំឡុងចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០១៨ ម៉ោង២១នោះក្រុមជនសង្ស័យទាំង០៥នាក់ បាននាំគ្នាលួចបូមប្រេងម៉ាស៊ូត នៅក្នុងការដ្ឋានបូមខ្សាច់ ក្នុងមួយខែ២ដង ក្នុង១ដង ២កាន យកទៅលក់ឲ្យគេយកលុយស៊ីចាយអស់។ លុះដល់ចុងខែកក្កដា ឆ្នាំ២០១៨ ដើមបណ្តឹងបានទៅពិនិត្យ ប្រេងម៉ាស៊ូតនៅក្នុងស៊ីទែនឃើញបាត់ប្រេងអស់១៣០០លីត្រ។ រហូតដល់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨ ម៉ោង១៥ដើមបណ្តឹងបានហៅជនសង្ស័យ០៤នាក់ខាងលើ មកសួរនាំ ពេលនោះជនសង្ស័យទាំង០៤នាក់ បានសារភាពពីរឿងហេតុ ទាំងអស់ ដើមបណ្តឹងក៏ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាយ បានទៅស្រុកកំណើតបាត់។
ចំពោះជនសង្ស័យខាងលើនេះសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងនិងបញ្ជូនខ្លូនជនសង្ស័យទាំងអស់នោះចាត់ការតាមច្បាប់៕