ប្រើពាក្យសំដីឌឺដង ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត ក៏បើកការប្រយុទ្ធគ្នាលើដងផ្លូវ ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ
បាត់ដំបង ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីថ្ងៃទី ១២ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១០និង៣០ នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់និងគប់លើម៉ូតូ )ចំនួន០១ ករណី ដែលកើតឡើងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២១វេលាម៉ោង១៦និង២០ នាទីនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើការ នាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន ១៥នាក់ គឺក្រុម Boy Srerចំនួន ០៨នាក់ នឹងក្រុម Boy Loy ចំនួន០៧ នាក់ ។
វត្ថុតាងដកហូតរួមមាន ៖ – ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវ ស ពាក់ស្លាក លេខ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង
– ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ពាក់ស្លាកលេខ បាត់ដំបង 1N 8871 ចំនួន ០១គ្រឿង – កាំបិតខ្វែវដងឬស្សី ប្រវែង ០១ម៉ែត្រ ចំនួន ០១ដើម – ដុំឥដ្ឋចំនួន០២ដុំ ។
សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពី ការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕