ពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ
ភ្នំពេញ៖អ្នកនាំពាក្យពិសេសលោកប្រធានាធិបតីហ្វីលីពីន និងលោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាការងារ និងពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោកស្រីបណ្ឌិត ស៊ូសាន មើកាដូ អ្នកនាំពាក្យពិសេសរបស់ លោកប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន និងជាបេក្ខភាពប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាការងារ និងពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។ លោក ឃួង ស្រេង បានបញ្ជាក់ថា បើគ្រប់ទីប្រជុំជនបរិស្ថានស្អាត ទីក្រុងគ្មានផ្សែងបារី។
ក្នុងឱកាសនោះ ក្រៅពីកោតសរសើរពីការបោះឆ្នោត នៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងសន្តិសុខល្អហើយនោះ លោកស្រី ឆ្លៀតសុំឱ្យលោកអភិបាលរាជធានីភ្នំពេញ ជួយគាំទ្របេក្ខភាពលោកស្រី ជាប្រធានអង្គការសុខភាពពិភពលោក ប្រចាំអាស៊ីប៉ាស៊ីហ្វិកថែមទៀត៕