ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី កំពុងជន់ឡើងខ្លាំង ខណៈជំនន់ទឹកស្ទឹងសង្កែ ហក់ឡើងខ្លាំង

78


រតនគិរី បាត់ដំបង៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានទាន់ហេតុការណ៍ ពីស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី កំពុងជន់ឡើងខ្លាំង ខណៈពេលការហក់ឡើងខ្លាំងនៃជំនន់ទឹកស្ទឹងសង្កែ ។

ប្រភពដដែល បានបន្តថា ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ ៖
ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៩,៦០ ម៉ែត្រ ធៀបកម្ពស់ទឹកព្រឹកមិញ ស្រកចុះ ១,១០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ) ។ ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ៩,៧០ ម៉ែត្រ ធៀបកម្ពស់ទឹកព្រឹកមិញ ទឹកនៅនឹង (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម៉ែត្រ) ។ ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ៩,៥០ ម៉ែត្រ ធៀបព្រឹកមិញ កើនឡើង ០,៨៨ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម៉ែត្រ) ។ ជារួម ទឹកទន្លេសេសាន នៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ ។ ឯនៅផ្នែកខាងក្រោម ទឹកនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត មុននឹងចាប់ស្រកចុះវិញផងដែរ ។

ចំណែកលោកអភិបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ រៀបចំបាវដី នៅចំណុចដែលច្រាំងស្ទឹងទាបៗ ដើម្បីការពារជំនន់ស្ទឹងសង្កែ ហូរចេញមកប៉ះពាល់ភូមិឋាន ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ។ ដំណឹងទាន់ហេតុការណ៍ ស្តីពី ការហក់ឡើងខ្លាំងនៃជំនន់ទឹកស្ទឹងសង្កែ មកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ) ។
ទឹកស្ទឹងសង្កែ បន្តកើនឡើងថែមទៀត នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ដែលអាចនឹងហក់ឡើងដល់កម្រិត ប្រកាសឲ្យប្រុងប្រយ័ត្ន និងអាចបង្កឲ្យមានលិចនៅតំបន់ទំនាបមួយចំនួន ក្នុងក្រុងបាត់ដំបង នាយប់នេះ អាជ្ញាធរខេត្ត ក្រុង មន្ទីរ អង្គភាព ព្រមទាំងមន្រ្តីជំនាញ អ្នកបច្ចេកទេស ក៏បានត្រៀម មធ្យោបាយ គ្រឿងចក្រ រថយន្ត រួចជាស្រេចដើម្បីត្រៀមបញ្ជៀសទឹកចេញពីក្រុងបាត់ដំបង ។

ថ្ងៃពុធ ទី ១៥ ខែសីហា មន្ត្រី តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួល ប្រព័ន្ធធារាសាស្ត្រអូរតោង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពេលសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ ។ ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ ដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ ឱ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ។ ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏មានតួនាទីជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផងដែរ ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៦០០ ម៉ែត្រ សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន ៤ កន្លែង ។
ប្រជាពលរដ្ឋចំនួន ៣ ភូមិ ក្នុងក្រុងពោធិ៍សាត់ និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ ដែលបានឧបត្ថម្ភម៉ាស៊ីនបូមទឹក ចំនួន ៦ គ្រឿង សម្រាប់បូមទឹកដាក់ស្រែ ។

គួររំលឹកជូនថា នៅក្នុងពេលចុះពិនិត្យការសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ ៣ និងទំនប់លេខ ៥ ជំហានទី ២ និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលយកនូវសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមមួយចំនួន នោះគឺការខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកបាកាន ។ ការខ្វះខាតទឹកនេះ មូលហេតុ គឺដោយសារគម្រោង កំពុងតែដំណើរការសាងសង់ ដូចនេះ ទើបមានការរអាក់រអួលក្នុងការបញ្ជូនទឹកទៅកាន់ស្រែរបស់បងប្អូនប្រជាពលរដ្ឋ ។ ដើម្បីដោះស្រាយបញ្ហានេះ លោករដ្ឋមន្ត្រី បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន ៦ គ្រឿង ដើម្បីបូមទឹកពីប្រឡាយមេ បញ្ចូលទៅប្រឡាយរង សម្រាប់ស្រោចស្រពស្រែរបស់ប្រជាពលរដ្ឋ ៕

ក្រសួងធនធានទឹក បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកទន្លេ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ ៖

អត្ថបទដែលជាប់ទាក់ទង