ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តសៀមរាប ចាប់ បុរសម្នាក់ ឆក់កាបូបភ្ញៀវទេសចរ

89


សៀមរាប៖​ នគរបាលក្រុងសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ក្រោយពីបានធ្វើសកម្មភាព ឆក់កាបូបភ្ញៀវទេសចរបរទេស ជនជាតិប៉ាគីស្ថានម្នាក់ ធ្វើឲ្យ ដួលរបួសជើងនិងស្មា។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កងកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអង្គភាពនគរបាលទេសចរណ៍ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ ធុន ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូប ភ្ញៀវទេសចរបរទេសម្នាក់ឈ្មោះ SHAHROZE KHAN (ខាន់សារ៉ូស) ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខMD ៤១២៤២៥១ ធ្វើឲ្យជនរងគ្រោះ ដួលរបួសជើងនិងស្មា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សកម្មភាពឆក់នេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅម្តុំមុខផ្សារយីហោចៅសាំងហុក ក្រោយសណ្ឋាគារសន្តិភាពក្នុងក្រុងសៀមរាប ហើយជនសង្ស័យមានគ្នាពីរនាក់ បានបើកម៉ូតូម៉ាកខ្លិច សេរីឆ្នាំ២០១៥ ពណ៌ឈាមជ្រូក ធ្វើសកម្មភាពឆក់កាបូបដៃរបស់ជនបរទេស ដើរម្នាក់ឯង ហើយពេលធ្វើសកម្មភាពឆក់កាបូបរួចភ្លាម ក៏ត្រូវបានកងកម្លាំងនគរបាល ដែលធ្វើសកម្មភាពល្បាតត្រួតពិនិត្យនៅជិតនោះ បានដេញចាប់បានជាក់ស្ដែង ភ្លាមៗបានម្នាក់ដែលជាអ្នកជិះពីក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់ចំណែកអ្នកបើកម៉ូតូបានរត់គេចខ្លួនរួច ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ចំពោះសម្ភារនិងកាបូបដៃរបស់ភ្ញៀវ ត្រូវបានកម្លាំងនគរបាលបានយកមកវិញបានទាំងអស់ ហើយក្រោយពីការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដ​មែន ហើយជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងដំណើរការអនុវត្តទៅតាមនីតិវិធីបន្ត រីឯរបស់របរនិងសម្ភារ ត្រូវបានប្រគល់ជូនម្ចាស់ដែលជាជនបរទេសវិញ ៕

អត្ថបទដែលជាប់ទាក់ទង