ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំចិន អបអរសាទរ គណបក្សប្រជាជនកម្ពុជា អំពីជ័យជំនះ នៃការបោះឆ្នោត

192

លោកស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសម្តែងការអបអរសាទរ ចំពោះសម្តេចតេជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃពុធ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា របស់លោក ទទួលបានអាសនៈចំនួន 125 នៅក្នុងការបោះឆ្នោតទូទៅ នាពេលថ្មីៗនេះ។

លោកស៊ី ក៏ជាប្រធានាធិបតីចិនផងដែរ បានថ្លែងយ៉ាងខ្ពស់ នៅក្នុងសារលិខិតសមិទ្ធផល ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកស៊ី បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ ដែលឃើញថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ប្រទេសកម្ពុជា បានទទួលនូវស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការស្ថាបនាស្ថានភាពអន្ដរជាតិ ជាបន្តបន្ទាប់ និងការសំរេចបាននូវសមិទ្ធផលនានា ក្នុងវិស័យផ្សេងៗ។

“យើងជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងបន្តរួបរួមគ្នា និងដឹកនាំប្រជាជនកម្ពុជា ឱ្យអនុវត្តតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របសម្រាប់លក្ខខណ្ឌរបស់ខ្លួន លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន បង្កើនសាមគ្គីភាពជាតិនិងរួមចំណែកបន្ថែមទៀត ដល់ភាពសម្បូររុងរឿងជាតិ សុភមង្គលរបស់ប្រជាជននិង ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ “។

លោកលី កេឈាង នាយករដ្ឋមន្ត្រីចិន ក៏បានថ្លែងអំណរគុណផងដែរ។ លោកលី បាននិយាយថា ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាង និងជាដៃគូល្អគ្រប់ពេល។ លោកលី បានបន្ថែមទៀតថា ប្រទេសចិន មានឆន្ទៈចាប់យកឱកាសខួបលើកទី 60 នៃការបង្កើតចំណងទាក់ទងការទូត ដើម្បីជំរុញភាពជាដៃគូកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ រវាងប្រទេសចិននិងកម្ពុជា ទៅជាកម្រិតថ្មីមួយ និងរួមគ្នាកសាងសហគមន៍មួយ នៃអនាគតរួមគ្នា ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង