ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គឹម សុខ អះអាងថា គ្មានបំណងរត់គេចខ្លួន ទៅក្រៅប្រទេស នោះទេ

63

ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ។ លោក គឹម សុខបានចេញពីពន្ធនាគារព្រៃស នៅម៉ោងប្រមាណជាង9:40នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែង ឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់។

លោក គឹម សុខ ជាអ្នកវិភាគសង្គម កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

លោក គឹម សុខ បាននិយាយប្រាប់អ្នកសារព័ត៌មានថា “នេះជារឿងយុត្តិធម៌ក្នុងមួយជីវិតរបស់ខ្ញុំ” ហើយលោកបានអះអាងថា “ខ្ញុំនឹងធ្វើរឿងរបស់ខ្ញុំ តាមឆន្ទៈរបស់ខ្ញុំបន្តទៀត ដែលជាបេសកកម្មនិងកាតព្វកិច្ច។” លោកបានបញ្ជាក់យ៉ាងខ្លីថា លោកមិនមានគម្រោងរត់គេចខ្លួនទៅក្រៅប្រទេសរកសេចក្តីសុខនោះទេ។ លោក បានថ្លែងថា “គម្រោងដែលចេញទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងកិច្ចការងារ និងសិក្ខាសាលាអ្វីមួយនោះ គឺមាន ប៉ុន្តែគម្រោងចេញទៅប្រទេស ក្នុងបំណងគេចខ្លួន ឬហេតុផលរកសេចក្តីសុខសម្រាប់ខ្លួនឯង ពីប្រទេសកម្ពុជានោះ គឺគ្មានទេ”៕

អត្ថបទដែលជាប់ទាក់ទង