ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្មរវាងប្រទេសឡាវកម្ពុជា មានការកើនឡើងទ្វេដង

112


ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជាដែលផុតអាណត្តិ បានបញ្ជាក់ប្រាប់សម្តេចតេជោ ថា ទំហំពាណិជ្ជកម្មរវាងប្រទេសឡាវកម្ពុជា មានការកើនឡើងទ្វេដង ពី១០លានដុល្លារ ទៅ២៤លានដុល្លារ នៅឆ្នាំ២០១៨នេះ ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ។

នៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ។

លោក ឯកអគ្គរដ្ឋទូតឡាវ បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ។ លោក ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវកន្លងមកនេះផងដែរ។ លើសពីនេះទៅទៀត លោកក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត នៅប្រទេសកម្ពុជា ហើយការបោះឆ្នោតនោះ លោកក៏បានធ្វើជាអ្នកសង្កេតការណ៍ផងដែរ ដោយបានសង្កេតឃើញថា ការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អ។ ក្នុងន័យនេះ លោកបានសម្តែងការអបអរសាទរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្តីគោរព។ លោកបានជម្រាបជូន សម្ដេចពីបេសកកម្មរបស់ លោក ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ដោយលោកបានឃើញ នូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោតែម្តង។

លោក ក៏បានជម្រាបជូន សម្តេចតេជោផងដែរ អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កន្លងមកនេះ មានការកើនឡើង១ជា២ គឺពី១០លានដុល្លារ ទៅ២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។

ជាការឆ្លើយតប សម្តេច​បានសម្តែងនូវការកោតសរសើរ ចំពោះលោក ឯកអគ្គរដ្ឋទូត ដែលបានចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព រវាងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរផង។ សម្តេចតេជោ​ ក៏បានសម្ដែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់​ ដោយសារគ្រោះទឹកជំនន់កន្លងមកនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ថ្លែងអំណរគុណផងដែរ ចំពោះលោក Prasith Sayasith ដែលបានអបអរសារទរ ចំពោះលទ្ធផល នៃការបោះឆ្នោត និងបានចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតកន្លងទៅនេះ។ សម្តេចបានបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំ ឲ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕

អត្ថបទដែលជាប់ទាក់ទង