ក្រសួងទេសចរណ៍ បិទរមណីយដ្ឋាន គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ រយៈពេល២សប្តាហ៍
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋាន គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ទី២០ ខែមេសា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍បានជម្រាបមក ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តក្នុងកម្មវត្ថុ ស្តីពីការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង-១៩ ដោយយោង សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។
សេចក្តីដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ ដោយអនុវត្តតាម សេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំង ប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយ នៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងរយៈពេល នៃការបិទជាបណ្តោះអាសន្ននេះ ជាដាច់ខាត៕