ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ៣នាក់ប្រើប្រាស់ថ្នាំញៀននិង ស៊ីឈ្នួលលក់ថ្នាំញៀន

60


កណ្តាល៖មនុស្សប្រុស ស្រី ៣នាក់ ត្រូវសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្វាយរលំ និងកម្លាំងប្រជាការពារភូមិលេខ1ក ចាប់ឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ១៧ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៣០នាទី នៅចំណុចរោងចាំចំការឈូក របស់ឈ្មោះមឿន ស៊ីដែត ស្ថិតក្នុងភូមិលេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យសារភាពថា ពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនខែ ឆ្នាំមកហើយ និងស៊ីឈ្នួលលក់ថ្នាំញៀនឲ្យគេ ដោយទទួលបានលុយ និងថ្នាំញៀនសម្រាប់ជក់មួយចំនួន។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ១ /ឈ្មោះមឿន ស៊ីដែត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ២ /ឈ្មោះ ស៊្រុន សុខរិក ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកត្រី មានទីលំនៅភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ៣/ ឈ្មោះ លី វី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលគេ មានទីលំនៅភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៨ កញ្ចប់តូច និងឧបករណ៍ សម្រាប់ប្រើ ប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពដដែល បានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្ដិ៍ស្វាយរលំ សហការជាមួយកម្លាំងប្រជាការពារភូមិលេខ១(ក) ឃុំស្វាយរលំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ
ជនសង្ស័យទាំង ៣នាក់ និងបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៨កញ្ចប់តូច នៅនឹងកាបូបសម្រាប់ដាក់សម្ភារៈ របស់ឈ្មោះមឿន ស៊ីដែត។ រួចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្ដិ៍នគរបាលស្វាយរលំដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះមឿន ស៊ីដែត ឈ្មោះស៊្រុន សុខរិក និងឈ្មោះលី វី បានសារភាពថា គ្រឿងញៀនខាងលើ ជារបស់ឈ្មោះរិម គួក ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិលេខ២ ឃុំស្វាយរលំ បានលក់ឲ្យពួកខ្លួនចំនួន១កញ្ចប់តូច តម្លៃ១០០០០រៀល ដើម្បីជក់។ ទន្ទឹមនោះជនសង្ស័យសារភាពបន្ថែមទៀតថា ពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនខែ ឆ្នាំមកហើយ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង