ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលថ្មី បន្តដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹ​ងធ្វើឲ្យប្រទេសកាន់តែរីកចម្រើន

63


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសថា រាជរដ្ឋាភិបាលថ្មីដែលបន្តដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹ​ងធ្វើឲ្យប្រទេសកាន់តែរីកចម្រើន មិនឲ្យប្រទេសវិលត្រឡប់ ទៅរកភាពវិនាសវិញនោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំជាច្រើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងជំនួបនោះ អ្នកស្រី Tina Susan Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសន្យាជួយលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា តាមរយៈផ្តល់អាហារូបករណ៍ដល់និស្សិត ឲ្យបន្តការសិក្សានៅប្រទេសអង់គ្លេស​បន្ថែមទៀត រួមទាំងជួយលើកកម្ពស់ស្រ្តី ធ្វើជាអ្នកដឹកនាំលើគ្រប់វិស័យផងដែរ។

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអ្នកស្រី Tina Susan Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

សម្តេចក្រឡា​ហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាពិតជាអគុណចំពោះការសន្យារបស់ប្រទេសអង់គ្លេស ក្នុងការបន្តជួយដល់កម្ពុជា ជាពិសេសលើកកម្ពស់ វិស័យអប់រំនេះតែម្តង។ នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយការលើកម្ពស់នេះ គឺនៅតែដដែល​ដូច្នេះអ្វីដែលអ្នកស្រី Tina Susan Redshaw បានសន្យាបន្ថែមនោះ គឺកម្ពុជាស្វាគមន៍ជានិច្ច ហើយរំពឹងថាវិស័យទាំងនោះ នឹងកាន់តែល្អប្រសើរបន្ថែមទៀតនៅកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលថ្មីដែលបន្តដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹ​ងធ្វើឲ្យប្រទេសកាន់តែរីកចម្រើន បន្ថែមទៀត​លើគ្រប់វិស័យ ហើយការពារដាច់ខាត់នូវសុខសន្តិភាព ជូនដល់ប្រជាជន និងប្រទេសជាតិទាំងមូល មិនឲ្យប្រទេសវិលត្រឡប់ ទៅរកភាពវិនាសវិញនោះឡើយ៕​

អត្ថបទដែលជាប់ទាក់ទង