ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទ៣បទល្មើសលើ ម្ចាស់រថយន្ដ Lexus 570 ទោះបីមានអន្តរាគមន៍ពីអ្នកមានអំណាច

109


ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចធ្វើការចោទប្រកាន់ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ នៅក្នុងសំណុំរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ចំនួន៣បទល្មើស និងបក្ខពួកម្នាក់ទៀត ត្រូវចោទប្រកាន់មួយបទល្មើស។

ជនបង្កជាម្ចាស់រថយន្ដ Lexus 570 ឈ្មោះ ទ្រី ដារិន ហៅហ៊ាពៅៗ ជាអ្នករកស៊ីកាប់ជ្រូក នៅម្ដុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់៣បទល្មើស រួមមាន៖ ទី១៖គំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ ទី២៖កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងទី៣៖ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់មួយបទល្មើស គឺគំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ។​

ក្រោយបញ្ចប់ការចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវវិញ រង់ចាំបញ្ជូនទៅមកតុលាការម្ដងទៀត ដើម្បីឲ្យចៅក្រមបើកការសួរនាំ និងចាត់ការតាមផ្លូវច្បាប់។

ការប្រព្រឹត្តបទល្មើសទាំងនេះ ស្ថាប័នតុលាការ នឹងចាត់វិធានការឲ្យតឹងរ៉ឹងជាទីបំផុត បើទោះបីមានកិច្ចអន្ដរាគមន៍ ពីអ្នកមានអំណាច ចង់ឲ្យដោះលែងជននេះក៏ដោយ៕​

អត្ថបទដែលជាប់ទាក់ទង