នៅខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ១នាក់អាយុ៦៧ឆ្នាំ ទទួលមរណៈភាព
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ បានទទួលមរណៈភាព។
អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧និង៣០នាទី ដោយមូលហេតុ ហត់ខ្លាំង។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧និង២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទទួលលទ្ធផល អ្នកជំងឺបានស្លាប់នៅម៉ោង១៨និង៥០នាទី ។ បុរសខាងលើទទួលមរណៈភាពដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។
ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងមិនដឹងថាខ្លួនមានផ្ទុកមេរោគកូវីដ-១៩នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរទើបមកសម្រាកព្យាបាល ធ្វើឱ្យក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន។
សូមជម្រាបថា នៅក្នុងខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៥៥៩នាក់ ដោយក្រុមគ្រូពេទ្យរបស់យើង បានព្យាបាលជាសះស្បើយ សរុបចំនួន៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន៩៣នាក់។ ចំពោះអ្នកមកយកសំណាកទាន់ពេលវេលា គឺលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយមានភាគរយខ្ពស់ និងកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃផងដែរ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ សូមរួសរាន់មកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕