ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះត្រួតពិនិត្យកម្លាំង សមត្ថកិច្ច និងស្ថានភាពទូទៅ តាមគោលដៅអនុវត្តការសម្រេច បិទខ្ទប់រាជធានីទាំងកណ្តាលអាធ្រាត្រ

41

 

ភ្នំពេញ ៖ដើម្បីពង្រឹងឱ្យបាននូវការបិទខ្ទប់រាជធានីភ្នំពេញកុំអោយ មានការរីកសាយភាយបន្តជម្ងឺកូវីដ-១៩ និងដើម្បីឱ្យដំណើរការនៃការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋដែលមានភាពចាំបាច់ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីកណ្តាលអធ្រាត្រថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ លោក ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកម្លាំង មានសមត្ថកិច្ច និងស្ថានភាពទូ ទៅតាមគោលដៅអនុវត្តការសម្រេចបិទខ្ទប់រាជធានីភ្នំពេញនេះ ។

គួរបញ្ជាក់ថា ៖កាលពីល្ងាចថ្ងៃទី១៦ មេសា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះ អាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ចត្រូវបើកទូលាយឱ្យបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់
សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយ។
នៅរាជធានីភ្នំពេញមានគោលដៅ ដែលត្រូវឃាត់ បិទខ្ទប់រាជធានីភ្នំពេញ ចំនួន៣៧ទីតាំង ក្នុងនោះរួមមានសម្រាប់ច្រក ចេញ ចូលរាជធានីមានចំនួន៩ទីតាំង និងមាន២៨ទីតាំងទៀត នៅក្នុងខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង