ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដកហូតដកហូតឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ភ្នំពេញ ៖ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។ នេះបើយោងតាមព្រះរាជក្រឹត្យនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១។
ព្រះរាជក្រឹត្យនេះបានធ្វើឡើងតាមសំណើរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៧ ខែមេសានេះថា លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានដូចជា :
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ឋានន្តរស័ក្តិ : ឧត្តមសេនីយ៍ទោ , ឋាន: អនុប្រធានសេនាធិការ
នៃអគ្គស្នងដ្ឋានការនគរបាលជាតិ នៅផ្ទះលេខ ៥៨ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ នៅក្នុងទីតាំងរបស់ខ្លួន។ បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕