ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរធម្មការខេត្តកំពង់ស្ពឺ សម្រេចចាប់ផ្សឹក ចៅអធិការវត្តពីរអង្គ ជាស្តេចល្បែង និងផឹកស្រា ក្រោយឆែកឆេររកឃើញមេអាប៉ោង និងល្មើសនឹងបម្រាមគោចរ

42

 

កំពង់ស្ពឺ ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនចៅអធិការវត្តទាំងពីរ ខណៈសង្ឃទាំងពីរ កំពុងធ្វើដំណើរល្មើសនឹងបម្រាមគោចរ ប្រហែលចាកចេញទៅលេងល្បែង នៅកន្លែង ណាផ្សេង។

ពាក់ព័ន្ធនឹងករណីដ៏ហួសថ្លែងនេះ បើតាមលោក ឈឿន សុធន រដ្ឋបាលស្រុកបសាដ បានឲ្យដឹងថា នៅវេលារំលងអធ្រាត្រម៉ោងប្រមាណ ១ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពស្រុក បានចុះពង្រឹងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិខេត្តកំពង់ស្ពឺ បានធ្វើការឃាត់រថយន្ត២គ្រឿងរបស់ព្រះសង្ឃ ខណៈកំពុងបើកបរពីទិសខាងជើង ទៅទិសខាងត្បូង នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតក្នុងភូមិអង្គដែកកណ្តាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសួរនាំ។

លោក ឈឿន សុធន ក៏បានឲ្យដឹងផងថា សង្ឃល្មើសបម្រាមគោចរទាំងពីរ ដែលទី១មានព្រះនាម នួន ចិន្ថា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិកាវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងសង្ឃទី២ព្រះនាម ជឹង ម៉េងហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជាចៅអធិកាវត្តសែនឧត្តម (បឹងសាឡាំ) ស្ថិតនៅឃុំ/ស្រុកខាងលើដូចគ្នា។

ក្រោយធ្វើការសាកសួររួច សមត្ថកិច្ចបានបន្តឆែកឆេរ និងរកឃើញដោយនៅជាប់ខ្លួនមាន៖ តេឡេបញ្ជាអាប៉ោង១ មេអាប៉ោងចំនួន ៤ គ្រាប់ ចានសម្រាប់ត្រប៉ាញ់អាប៉ោង១ និងស្រាបៀ ៤ កំប៉ុង នៅក្នុងរថយន្ត។ លើសពីនេះ សមត្ថកិច្ចក៏បានរកឃើញខោអាវមួយចំនួនទៀត ដែលបុគ្គលទាំងពីរបង្កប់ក្នុងរថយន្ត ដើម្បីស្លៀកក្លែងភេទ នៅពេលធ្វើដំណើរទៅឆ្ងាយ ដើម្បីបន្លខ្លួនប្រព្រឹត្តសកម្មភាពផ្សេងៗដូចជាល្បែងអាប៉ោងនេះជាក់ស្តែង។

សង្ឃទាំងពីរអង្គត្រូវបានមន្ទីរធម្មការខេត្តកំពង់ស្ពឺ សម្រេចចាប់ផ្សឹក កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះហើយ និងក៏បានប្រគល់បន្តឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង