លួចដែកអេតចាយ តម្លៃចំនួន ៥០០០០ ដុល្លារពីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួន នៅខេត្តកំពង់ចាម
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនបានរួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ចាត់ការបន្តក្រោយពីធ្វើសកម្មភាពលួចដែកអេតចាយ តម្លៃចំនួន ៥០០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សម្ភារៈបាត់បង់ ៖ ដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក)។
បេីតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះ បានឱ្យជនសង្ស័យ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-6955 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ 4A-7550 ដឹកដែកអេតចាយ ចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន ។ រហូតដល់វេលាម៉ោង០៧និង០០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ជនរងគ្រោះបានទូរស័ព្ទ ទៅសួរជនសង្ស័យ ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន រួចជនរងគ្រោះក៏បានឆែកមើលជីភីអេស ដែលបំពាក់ជាប់នៅរថយន្តម៉ាកខាងលើ បង្ហាញទីតាំងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល១ម៉ោងក្រោយ មកជនរងគ្រោះបានឆែកមើលជីភីអេសម្តងទៀត ឃើញនៅកន្លែងដដែល ។ លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យ បានទូរស័ព្ទប្រាប់ទៅឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា អាយុ២៨ឆ្នាំ ថា មានគេដាក់ថ្នាំយកអ៊ីវ៉ាន់អស់ហើយ រួចឈ្មោះ ចាន់ ប៊ុនណា បានប្រាប់ជនរងគ្រោះឱ្យបានដឹងរឿងខាងលើ ទើបជនរងគ្រោះដឹងថា ជីភីអេស ដែលដាក់ជាប់នឹងរថយន្តត្រូវបានជនសង្ស័យផ្តាច់ចោល ហើយជនរងគ្រោះក៏បានទូរស័ព្ទ សួរបញ្ជាក់ទីតាំងជនសង្ស័យ ឱ្យបានច្បាស់ រួចជនសង្ស័យក៏បានប្រាប់ថា រូបគេ (ជនសង្ស័យ) កំពុងនៅលើផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
បន្ទាប់មកជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ បើតាមសម្ដីលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ក្រោយពីបានការរាយការណ៍ពីជនរងគ្រោះ និងមានការបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំងព្រហ្មទណ្ឌខណ្ឌ ចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វេីការសាងសួរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕