កម្មកររោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ជាង២០០នាក់ នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៦៧នាក់ ក្នុងនោះក្រុងព្រះសីហនុ ចំនួន១៤នាក់ និងនៅស្រុកព្រៃនប់ចំនួន២៥៣នាក់ ដែលឆ្លងរាលដាលចេញពីរោងចក្រចំនួន២ គឺរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសចេជាង នូវវិធានការណ៍០៥ចំណុចរួមមាន៖
១.ត្រូវធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់រោងចក្រទាំងអស់នូវវិធានការ សុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២.ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
៣.ម្ចាស់រោងចក្រត្រូវគ្រប់គ្រងរថយន្តដឹកកម្មករ ចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់រោងចក្រផ្សេងទៀត។
៤.ម្ចាស់រោងចក្រត្រូវរកទីតាំងសមរម្យ ឱ្យកម្មករស្នាក់នៅរួម និងដំណើរការអាជីវកម្ម ចៀសវាងការចេញទៅខាងក្រៅ អាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ ប្រសិនបើមានកម្មករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅសល់អាចធ្វើការបាន ដោយធ្វើចត្តាឡីស័កនៅនឹងរោងចក្រតែម្តង។
៥.ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជក រាល់ការចេញចូលរោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថាមិនមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានបំណងបិទរោងចក្រណាមួយទេ ប្រសិនបើម្ចាស់រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាលបានល្អ ហើយការឆ្លងរាលដាលនឹងត្រូវបានកាត់បន្ថយជាក់ជាមិនខាន យើងត្រូវរស់នៅតាមបែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
នារសៀលថ្ងៃសៅរ៍ទី២២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេស ជាមួយគណៈស្នងការរង កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍រដ្ឋបាលនគរបាល តាមបណ្តាឃុំទាំងអស់ ក្នុងស្រុកព្រៃនប់ ដើម្បីអន្តរាគមន៍ទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩តាមភូមិឃុំនានា ក្នុងស្រុកព្រៃនប់ ក្រោយពីមានកម្មករ កម្មការីិនីច្រើននាក់ ក្នុងរោងចក្រ២កន្លែង នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងឃុំជើងគោ ឆ្លងជំងឺកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា កម្លាំងនគរបាល នឹងចូលរួមធ្វើប្រតិបត្តិការតាមផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ លើវិធានការចាំបាច់ ដើម្បីគ្រប់គ្រងនិងកាត់ផ្តាច់ការចម្លងចូលសហគមន៍បន្តទៀត ពិសេសគឺការពារកន្លែងដែលដាក់ធ្វើចត្តាឡីស័ក៕