អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសគាំទ្រ ចំណាត់ការរបស់ អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង
កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដែលមាននៅតាមដងផ្លូវ និងតាមទីតាំងនានា ក្នុងខេតក្តកំពង់ស្ពឺ។ ការចេញបញ្ជានេះ ធ្វើឲ្យមានការពេញចិត្តពីសាធារជន ហើយជាពិសេសថែមទៀត ក៏ទាក់ទាញដល់លោកអ្នកឧកញ៉ា ម៉ុង ឫទ្ធី ។
នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីយ៉ាងដូច្នេះថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំ ឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយព្រោងព្រាត ដោយគាំទ្រចំណាត់ការឯកឧត្ដមអភិបាល គណៈអភិបាលខេត្តកំពង់ស្ពឺ ដាក់បញ្ជាឲ្យរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មលក់គ្រឿងស្រវឹង រូបខ្ញុំផ្ទាល់ ក៏គាំទ្រចំណាត់ការនេះ ដូចប្រិយមិត្តយើងដែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមទៀតថា “ដោយសារតែខ្ញុំសង្កេតឃេីញថា នៅតាមដងផ្លូវជាច្រេីន មានដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនេះ វាស្កេះស្កះខ្លាំងពេក ដូច្នេះហើយបានជាកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងផុតទៅនេះ ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវ ប្រវែង៥.៩០០ម៉ែត្រ ចាក់ក្រាលកៅស៊ូ DBSTទទឹង៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០ មកដល់ផ្លូវបំបែកវត្តបឹងខ្នា ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខ្ញុំបានសំណូមពរយ៉ាងទទូចសុំឲ្យប្រជាពលរដ្ឋ រុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង គ្រប់ប្រភេទចេញពីមុខផ្ទះរបស់ពួកគាត់ ទេីបខ្ញុំយល់ព្រមសាងសង់ផ្លូវនេះ ពួកគាត់ជូនតាមការស្នេីសុំ”។
ទោះយ៉ាងណា រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រកាសថា “ខេត្តកំពង់ស្ពឺស័ក្តិសមជាខេត្តអ្នកប្រាជ្ញមែន ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋក្នុងក្រុងច្បារមន គ្រាន់តែទទួលបានការណែនាំ ពីរដ្ឋបាលខេត្តកំពង់ស្ពឺភ្លាម គឺ រុះរើផ្លាកសញ្ញា ឬ បដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានភាពស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់ រាល់ការសំណូមពរ ក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ , ក្រុងច្បារមន ។ ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើ បន្ថែមទៀត ។
រដ្ឋបាលក្រុង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការ ដើម្បីឱ្យកំពង់ស្ពឺ យើងក្លាយជាខេត្តគំរូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។ គឺជាមុខមាត់ខេត្តរបស់យើង និងជាមុខមាត់របស់ប្រជាជនក្នុងខេត្តយើង”។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ព័ន្ធ ឱ្យចាប់ផ្តើមជូនដំណឹងរុះរើចេញជាបន្ទាន់ នូវស្លាកប៉ាណូដែលបានលើកតាំង ផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ ។
ការលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ជាអ្នកដើមកំណើតនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើន រួមទាំងវចនានុក្រមខ្មែរ សម្រាប់កូនចៅគ្រប់ជំនាន់ក្រោយៗ ប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រ កូនកសិករ រស់នៅខេត្តកំពង់ស្ពឺ រហូតរៀងមក ដូច្នេះមិនមែនជាអ្នកដែលខ្ជិលច្រអូស ដូចពាក្យគេតែងនិយាយបង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង) នោះដូចមុនទៀតទេ ហើយមួយវិញទៀត ក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះ គឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។
អភិបាលខេត្ត សង្កត់ធ្ងន់ថា ការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យ គឺធ្វើឱ្យមនុស្សប្រែនូវអត្តចរិត ប្រែនិស្ស័យ នាំឱ្យមានហឹង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំ ដែលប៉ះពាល់ដល់វិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។ ចាប់ពីពេលនេះតទៅ សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយ ផលិតផលស្រាបៀរទាំងអស់ ចេញពីក្របខណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញ នូវប៉ាណូទាំងឡាយណា ដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះ វាគ្មានចំណេញអីដល់សង្គមជាតិនោះទេ ។
អភិបាលខេត្តកំពង់ស្ពឺ បានចាត់ អភិបាលរងខេត្ត ម្នាក់ ដើម្បីដឹកនាំចាត់វិធានការ លើការងារនេះ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមអនុវត្ត៕