ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សាយខ្លួនឡើងវិញជាបន្ទាន់ ព្រោះក្រសួងពុំដែលបោះពុម្ភសៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីលក់នោះទេ

102

 

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលការបំភ្លៃ របស់មេធាវី កង ឬទ្ធិគីរី ដែលបានបង្ហោះសារ លើបណ្តាញសង្គមថា ក្រសួងយុត្តិធម៌លក់សៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងតម្លៃ១០០ដុល្លារក្នុងមួយក្បាល។នេះជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់ មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយ ចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាម លោកមេធាវី កង ឬទ្ធិគីរី ជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងស្នើលោកមេធាវីកែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា សូមជំរាបទៅលោកមេធាវី​ កង ឬទ្ធិគីរី ជ្រាបថា៖ ការផ្សព្វផ្សាយ របស់លោកមេធាវីលើករណី ទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់ មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ ។ រឿងលោកទិញសៀវភៅ ពីបុគ្គលណាមួយនោះ ជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ។

ក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់ នាពេលកន្លងទៅ​ ក្នុងអំឡុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយ របស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយ ទូទាំងប្រទេសដោយឥតគិតថ្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ ។ ជំនួសឲ្យការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ ។

ក្រសួងយុត្តិធម៌ សូមសម្តែងការសោកស្តាយ ចំពោះការផ្សព្វផ្សាយដោយគ្មាន ការទទួលខុសត្រូវ ក្នុងនាមលោកជាអ្នកដែល មានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងសូមលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់។

ទោះយ៉ាងណា លោកមេធាវី កង ឬទ្ធិគីរី បានចូលខំមិនក្នុងផេកហ្វេសប៊ុករបស់លោក គឹម សន្តិភាពថា ខ្ញុំមិនមានបំណងបរិហារិះគន់ក្រសួងទេ តែជាសម្លេងថ្កោលទោសលោកសួន វិសាល អតីតប្រធានគណៈមេធាវីទេតើ ដែលល្ងីល្ងើមិនចេះ ដឹកនាំគណៈមេធាវីនោះ។
ខ្ញុំមានតែសរសើរមន្ត្រីក្រសួងគ្នា ខំស្វែងរកឲ្យ វាថ្លៃខ្ញុំដឹងតែខ្ញុំចង់បានរបស់ដើម មានការទទួលខុសត្រូវ។
ខ្ញុំឮសម្ដេចតេជោ ហ៊ុន សែន ផ្ដាំថា មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ត្រូវមានចរឹតសុភាពរាបសារ ត្បិតលោកសុីប្រាក់ពន្ធពលរដ្ឋបង់ណា។
ខ្ញុំជាអ្នកបោះឆ្នោត ជូនគណបក្សប្រជាជន និងធ្លាប់បម្រើមាតុភូមិ តាំងពីឯឧនៅមិនទាន់ចេះស្លៀកខោម្លេះ ពោលពាក្យថ្កោលទោស ខ្ញុំដោយឥតមានការសួរនាំបែបនេះ លោកធ្លាប់ស្គាល់ខ្ញុំទេតើ ធ្លាប់ទូរសព្ទ័ហៅរកគ្នាទេ តើខ្ញុំក៏គិតថាលោកជាមនុស្សមានការអប់រំល្អដែរ។
បើចាំបាច់ខ្ញុំអាចជួបទល់មុខលោកបាជាមួយសួន វិសាលក៏បាន។
យ៉ាងណា ក៏ខ្ញុំនៅតែគោរពរាប់អានលោក ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ របស់ក្រសួងយុត្តិធម៌ដដែលទេ តែសូមប្រកាន់ឥរិយាបទថ្លៃថ្នូរដាក់ខ្ញុំផង ខ្ញុំជាមេធាវីជាន់ខ្ពស់ម្នាក់ដែរតើ។

សូមបញ្ជាក់ថា លោកមេធាវី កង ឬទ្ធិគីរី បានសរសេរលើផេកហ្វេសប៊ុកថា ផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌តូចមួយ៖ នេះជាផ្នែកមួយ នៃសំណើ សុំធ្វើកំណែទម្រង់តូចមួយនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំធ្លាប់ធ្វើសំណើទៅលោកសួន វិសាល អតីត
ប្រធានគណៈមេធាវី នៅចំពោះមុខមហាសន្និបាត ដើម្បីបង្កើតបណ្ណាល័យមួយ ប្រមូលនិងរក្សាទុកអត្ថបទច្បាប់ ដើមជាផ្លូវការ ដែលបានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួចហើយ ដើម្បីងាយស្រួលឲ្យសហភាតាទាំងអស់ អាចស្វែងរក និងទាញវាមកប្រើប្រាស់ជាផ្លូវការបាន មិនព្រួយបារម្ភមានកំហុសបច្ចេកទេសដោយការបោះពុម្ភ។
តែជាលទ្ធផលត្រូវបានលោកសួន វិសាល និងលោករស់ មនិន្ទ សើចសំអក និងទាត់ចោលសំណើដ៏តូច មានប្រយោជន៍ និងសមហេតុផលមួយនេះ។

ជាលទ្ធផលខ្ញុំអានក្រមនីតិរដ្ឋប្បវេណីស្រាប់តែរកប្រការកំណត់អំពីភស្តុតាង វិមតិសង្ស័យមិនឃើញសោះ ក៏ទៅរកក្រមនីតិវិធីនេះ នៅក្រសួងយុត្តិធម៌ ដើម្បីឲ្យប្រាកដថាវាមិនមានកំហុសក្នុងការ​បោះពុម្ភ ដោយសារក្រមទិញ នៅក្រៅបោះពុម្ភរំលងពីរបីមាត្រាឯណោះ។ តើអ្នកដឹងទេ វាថ្លៃប៉ុន្មាន? ចម្លើយលឿនទេ គឺ១០០ ដុល្លារ សម្រាប់មួយក្បាល។ នេះក៏ដោយសារមន្ត្រីនោះ គ្នាប្រឹងប្រែងស្វែងរកឲ្យផង បើមិនដូច្នោះទេ ខ្ញុំប្រាកដជាស្មុគស្មាញជាមិនខាន។
គ្រប់គ្នាមានតួនាទីជាអ្នកច្បាប់ គួរដឹងហើយជាពិសេសសហភាតាជាមេធាវី អត្ថបទច្បាប់ ត្រូវតែត្រឹមត្រូវតាមច្បាប់ដើម យើងប្រើដោយប្រយ័ត្នបំផុត ក្រែងភ្លាំងភ្លាត់ ខុសន័យ គឺក៏ខុសបញ្ញត្តដែរ។
ខ្ញំជឿថាលោកមេធាវីលី ច័ន្ទតុលា ប្រធានគណៈមេធាវីបច្ចុប្បន្ន ដែលមានការអប់រំបានល្អ និងមានភាពជាមេដឹកនាំឆ្នើម អាចនឹងបង្កើតបណ្ណាល័យតូចមួយ សម្រាប់មេធាវីគ្រប់រូប ចូលទៅស្វែងរកអត្ថបទច្បាប់ដើម យកមកប្រើប្រាស់បាន។
អរគុណ ការងារដែលបានបង្រៀនខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង