បង្រ្កាបករណីជួញដូរគ្រឿងញៀន និងប៉ុនប៉ងឃាតកម្ម ដែលជនល្មើសបាញ់ប្រហារ ធ្វើឲ្យរបួសនគរបាល ១ នាក់
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំ កម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀន មានការចូលរួមពីកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យ ចំនួន៤ នាក់ (ប្រុស)។
ការបង្រ្កាបនេះ ដោយមានការចង្អុលបង្ហាញផ្ទាល់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងថា ជនសង្ស័យ ៖ ១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាត់ កូនគ្រៀល ក្រុងសំរោង ។ ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។
ករណីនេះបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៨ និង ៣០នាទី បានបន្តឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណី ដូចជា នៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោម៉ូតូយ៉ាងសកម្ម និង ជួញដូរគ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើឲ្យរបួសនគរបាល ១ នាក់ ហើយមានដីកាឲ្យនាំខ្លួន ពីបទប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
ជនសង្ស័យទាំង៤ នាក់បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើ ពិតប្រាកដមែន បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕