ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ អំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិតខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក

81

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

នៅក្នុងក្របខណ្ឌនៃ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» និងអនុលោមតាមផែនការមេ សម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ជាសេនាធិការ និងដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA) និងក្រុមគ្រូពេទ្យ នៃអង្គភាពផ្សេងៗ បានដំណើរការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញស្របតាមជំហាន កម្មវិធីការងារបានចំនួន ១.៦៣៣.២៦២ នាក់ (សរុបទាំងពីរលើក) គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ ឱ្យបានគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់ រាជរដ្ឋាភិបាលនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួនទៅទទួលយកវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមជឿជាក់ទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុង រាជធានីភ្នំពេញនឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងក្នុងបុព្វហេតុតម្កល់នូវសុខុមាលភាពសាធារណៈ ជាធំ ក្នុងន័យកាត់បន្ថយឱ្យបាន ជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង