ប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ រងគ្រោះដោយបាក់ច្រាំងទន្លេ នៅស្រុកលើកដែក
ខេត្តកណ្តាល ៖ អាជ្ញាធរស្រុក និងកាកបាទក្រហមខេត្តកណ្តាល កំពុងចុះទៅពិនិត្យមើលផលប៉ះពាល់ ដើម្បីរៀបចំការជួយគាំទ្រដល់ពលរដ្ឋដែលបានរងគ្រោះដោយការបាក់ច្រាំងទន្ល នាំឱ្យខូចខាតផ្ទះសំបែងទាំងនោះ។
អាជ្ញាធរស្រុកលើកដែក បានចុះទៅពិនិត្យមើលផលប៉ះពាល់នៃការបាក់ច្រាំងទន្លេ ដើម្បីផ្តល់ជំនួយ បន្ទាប់ពីមានករណីបាក់ច្រាំងទន្លេកាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ នៅមុខវត្តព្រែកដាច់ ស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដែលធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ។
នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលទទួលរង រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅឃុំព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។
ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ ដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានប្រាប់កាសែតក្នុងស្រុកថា នៅទីនោះមិនមានសំណង់រឹងមាំទេ គឺជាផ្ទះតូចៗ ប្រក់បាំងស័ង្កសីខ្លះ ឈើខ្លះ មានសំណង់ផ្ទះថ្មខ្លះដែរ តែគាត់ធ្វើអត់រឹងមាំទេសំណង់ហ្នឹងគាត់ធ្វើតាំងពីយូរឆ្នាំមកហើយ ហើយការបាក់ច្រាំងទន្លេនេះ តែងកើតមានជារៀងរាល់ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆ្នាំនេះមានការប្រេះដីចូលច្រាំងទន្លេដល់ប្រមាណជាង ៣០ ម៉ែត្រ ចំណែកទទឹងដែលបានបាក់លើកនេះចូលជិត ៤ ម៉ែត្រ។
ការបាក់ច្រាំងទន្លេនេះកើតឡើងនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក នៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១។ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែក បានចុះទៅជួយយកសម្ភារចេញពីកន្លែងប្រឈមការបាក់ដី និងជួយរុះរើផ្ទះ ដែលប្រឈមនឹងការបាក់ស្រុតនៅទីនោះ ទៅកាន់ទីមានសុវត្ថិភាពបានមុន ១ ថ្ងៃ។ ហេតុនេះមិនមានពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់នោះទេ។
ពលរដ្ឋប្រាប់ថា មានការប្រេះដី ពេលយើងដឹងហេតុអ៊ីចឹង ក៏ប្រាប់ឱ្យពលរដ្ឋចេញពីទីនោះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់។
បើតាមលោក ហាំ ធូ អធិការនគរបាលស្រុកលើកដែក ការបាក់ច្រាំងទន្លេនេះបានបណ្តាលឱ្យមានការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋដែលរុះរើមិនទាន់។ ករណីនេះកន្លងមកសមត្ថកិច្ចមូលដ្ឋានក៏ធ្លាប់បានក្រើនរំឭកពលរដ្ឋនៅទីនោះឱ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ច្រាំងទន្លេ ហើយមូលហេតុបាក់ច្រាំងទន្លេ គឺកន្លែងហ្នឹងវាធ្លាប់បាក់កាលពីប៉ុន្មានឆ្នាំមុនម្តងហើយ ហើយចំណុចហ្នឹងនៅចំផ្លូវទឹកហូរដែលខ្សែទឹកបុកចំ អ៊ីចឹងកន្លែងហ្នឹងវាចេះតែបាក់បន្តបន្ទាប់អ៊ីចឹងទៅ ហើយយើងអត់ដឹងពេលវេលាវាបាក់នៅពេលណាម៉ោងណាប្រាកដនោះទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ