រដ្ឋមន្រ្តីក្រសួងកសិកម្ម សាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងសហគមន៍ ២០ កម្ភៈ ។
ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលទទួលបានដោយជោគជ័យក្នុងការបំពេញភារកិច្ចនៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៅក្នុងក្រសួង ប្រកបដោយសុខសុវត្ថិភាព ដោយបានអនុវត្តបានពេញលេញតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្អឺកូវិដ ១៩ និងសេចក្តីណែនាំ លេខ ២៦៦២ កសក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់ក្រសួង ស្តីពីការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវិដ ១៩ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖
1) ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។
2) ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។
3) ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖
ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រោមឱវាតក្រសួងទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅតាមមុខព្រួញទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្ត ដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការរបស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច ៕