ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លឹមសារសំខាន់ៗ នៃការចូលរួមរបស់កម្ពុជា ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៤

146

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចូលរួមរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៤ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ (WHIA74) បានប្រារព្ធធ្វើឡើងពីថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ (Video Conference) ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ពិធីបើកមហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ ហើយបានថ្លែងសុន្ទរកថា លើប្រធានបទ “ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” នាថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយមានខ្លឹមសារដូចខាងក្រោម៖ កម្ពុជាជាប្រទេសតូចតែមានបេះដូងទូលាយ។ ប្រទេសកម្ពុជា បានគ្រប់គ្រងការឆ្លើយតប នឹងការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ ពេញមួយឆ្នាំ២០២០ ដោយមានករណ៍វិជ្ជមានតិចជាង ៥០០ករណី និងគ្មានអ្នកស្លាប់។
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបន្តថា កម្ពុជាពិតជាមានមោទនភាព ចំពោះការខិតខំប្រឹងប្រែង ដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដូចនឹងប្រទេសជាច្រើនទៀតដែរ វីរុសកូវីដ-១៩ នៅតែចរាចរក្នុងប្រទេសកម្ពុជា។ យើងកំពុងតែខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីបញ្ឈប់ការចម្លងវីរុសកូវីដ-១៩ តាមរយៈការអនុវត្ត “៣ការពារ ៣កុំ” ។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មេរៀនជាបទពិសោធន៍ អាចឲ្យយើង ដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ ដើម្បីធានាបានទាំងសុខភាពសាធារណៈ និងដំណើរការសេដ្ឋកិច្ច ដែលប្រការនេះទាមទារ ឱ្យមានការដាក់ចេញនូវ “អភិក្រមវិស័យសុខាភិបាល លើសពីការគិតត្រឹមសុខភាព និងការវិនិយោគប្រកប ដោយភាពច្នៃប្រឌិត” មួយចំនួនសម្រាប់អនាគត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញឱ្យអនុវត្តយន្តការ និងនីតិ វិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការ យ៉ាងសកម្ម ក្នុងគោលដៅសម្រេចឱ្យបានការចាក់ វ៉ាក់សាំងជូនប្រជាជនចំនួន ១០លាននាក់ ក្នុងចំណោម ១៦លាននាក់ នៅខែមិថុនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃនេះ ប្រជាជន ជាង២លាននាក់ បានទទួលវាក់សាំងកូវីដ-១៩ រួចហើយ រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាល មនុស្សចាស់ ជនបរទេសដែល រស់នៅក្នុងប្រទេសកម្ពុជា និងក្រុមងាយរងគ្រោះផ្សេងទៀត។

កម្ពុជាវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការអនុវត្តគោលនយោបាយចិនតែមួយ ដែលបានចែង យ៉ាងច្បាស់ក្នុងសេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្ត លេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក។

គោលបំណងរួមរបស់យើង ក្នុងការបញ្ចប់ជំងឺរាតត្បាតជាសកលនេះ ទាមទារឱ្យមានសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ។ កម្ពុជានឹងបន្តសហការ ជាមួយបណ្តាប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឈានទៅសម្រេចពិភពលោក ប្រកបដោយសុខភាព និងសុវត្ថិភាពបំផុត។ ប្រទេសកម្ពុជា គាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតប ជាសកលចំពោះជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង