ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់

68

 

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។

យោងតាមលិខិតក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា លោករដ្ឋមន្រ្តីបានក្រើនរំលឹក អភិបាលរាជធានីខេត្ត បន្តអនុវត្តនូវវិធានការឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយហេតុថា មានការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាងរបស់យើង ហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ ចូលមកវិញក៏មានការរកឃើញ ករណឺវិជ្ជមានច្រើនផងដែរ។

លោករដ្ឋមន្រ្តីបានណែនាំឲ្យចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ពង្រីកការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ។

ពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារការចម្លងជំងឺកូវី៥-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យស្របតាមរបត់នៃ “ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ «៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)៕

អត្ថបទដែលជាប់ទាក់ទង