ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ខណៈប្រជាពលរដ្ឋកំពុងតែពេញនិយមដាំ

167

 

ភ្នំពេញ ៖ បន្ទុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ខែឧសភាឆ្នៃ២០២១ បានថ្លែងថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះ ទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់ អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើន បានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុក គឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេន ដោយអនុវត្តតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមាន ការចងក្រងជាសហគមន៍ ដំណាំទុរេន នឹងអាចជួយរកចំណូលបាន ច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេស ត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាង ដិតដល់ទើបទទួលបានជោគជ័យ។

ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖

– រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។

– បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែល ពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់ កសិករដើម្បីងាយស្រួលដាក់លក់ នៅលើផ្សារក្នុង និងក្រៅប្រទេស។

– អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែសង្វាក់ ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត

– បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយ ប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។

– ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញ ផលិតកម្មស្របតាមស្ដង់ដារនិងតម្រូវការទីផ្សារ។

– លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។

– រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង