កម្មករ កម្មការិនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរទៅចម្លងរោគ ដល់សាច់ញាតិនៅផ្ទះ
ខេត្តស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការិនីរោងចក្រ គួរតែធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រ មិនគួរកុំទៅចម្លងរោគដល់ ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួនទេ។
លោកបានមានប្រសាសន៍បន្តទៀតថា ប្រសិនបើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកទៅចត្តាឡីស័ក អ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត ។
លោកបណ្ឌិតបានបន្តថា ការចុះពិនិត្យការងារយកសំណាកនាពេលនេះ គឺជាលើកទី៣ ហើយដល់កម្មករ កម្មការិនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ។
ចូលរួមអមដំណើរលោកបណ្ឌិតមាន លោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបាលខេត្តទទួលបន្ទុកបច្ចេកទេសជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលបន្ទុកការងាររុករកស្រាវជ្រាវ ជំងឺកូវីដ-១៩ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័ក ។
លោកបណ្ឌិត កែរ រដ្ឋា បានឲ្យក្រុមអ្នកសារព័ត៌មានដឹងទៀតថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាក បានយកសំណាកកម្មករ កម្មការិនី ចំនួន ២.៥១១នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។ រោងចក្រចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលបានយកសំណាក មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ ។ ចំពោះប្រភពចម្លងមានការពិបាកសន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា ហើយចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ។
លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការិនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួនទេ។ ប្រសិនបើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកអ្នកពាក់ព័ន្ធជាច្រើនទៀតទៅធ្វើចត្តាឡីស័ក ។
លោកបណ្ឌិត បានកោតសរសើរដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការិនី មួយចំនួនដែលស្នើសុំធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រ ដោយសារពួកគាត់យល់ដឹង ពុំចង់ចម្លងរោគដល់ក្រុមគ្រួសាររបស់ពួកគាត់ ហើយពួកគាត់បានបញ្ជាក់ថា នៅក្នុងរោងចក្រ ត្រូវបានថៅកែរោងចក្រគិតគូរ តាំងពីការហូបចុក និងកន្លែងស្នាក់នៅ និងមិនមានការកាត់ប្រាក់ខែទៀតផង ។
លោកបណ្ឌិត កែរ រដ្ឋា នាំមកមកនូវការផ្តាំផ្ញើពីសំណាក់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត សូមកម្មករ កម្មការិនី រោងចក្រ គោរពឱ្យបាននូវវិធានការចត្តាឡីស័ក ដែលក្រសួងសុខាភិបាលដាក់ចេញ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ ដល់ក្មួយៗ កម្មករ កម្មការិនី មានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
លោកបណ្ឌិត បបានមានប្រសាសន៍បន្ថែមទៀតថា រហូតដល់ថ្ងែនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់, ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់៥នាក់ ជាជនជាតិខ្មែរ ។ ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន៤៣៦៥ នាក់ ស្រី ១២៧៧នាក់។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន ៤៣៨៨នាក់ ក្នុងនោះ អ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប ៤៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន ៧០នាក់។ លទ្ធផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៍ ២០កុម្ភៈ) ៖ យកសំណាកលើកទី១ ចំនួន៨៥០៩ នាក់ ស្រី ៣៤៨១នាក់ និងយកសំណាកលើកទី២ សរុប២២៣១នាក់ ស្រី ៨៣៤នាក់ ហើយនិងយកសំណាកលើកទី៣ សរុប ៤៦នាក់ ស្រី ២៥នាក់ ៕