រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណធម៌ នៃការរស់នៅ
ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្នុងឱកាសខួបលើកទី ៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី ២០ ទិវា ពិភពលោកប្រឆាំងកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០២១ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងបានរៀបចំប្រារព្ធមីទ្ទីង ដើម្បីអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា។ ឆ្នាំនេះ គឺជា ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។ បច្ចុប្បន្ន សកលលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង បានជួបប្រទះ វិបត្តិជំងឺកូវីដ-១៩ ជាហេតុមិនអាចឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទីងដូចសព្វមួយដងបាន។
បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខាន មិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធមយ៉ាងណាក្តី ក៏កន្លងមកយើងបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារដែលកម្ពុជាបានផ្តល់សច្ចាប័ននិងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន។ ជាមួយគ្នានោះផងដែរ ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទាំង ថ្នាក់ជាតិនិងក្រោមជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារនឹងចុះសួរសុខទុក្ខក្មួយៗ ចៅៗនៅ តាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្ដារនីតិសម្បទា កុមាររងគ្រោះនិងងាយរងគ្រោះ ព្រមទាំងកុមារនៅ តាមសហគមន៍ផងដែរ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារនិងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
កន្លងទៅថ្មីៗនេះ កម្ពុជា គឺជាប្រទេសសមាជិកភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ដែលជាទំព័រសករាជថ្មីក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ក្នុងសកលលោក ក្នុងឆន្ទៈបង្ហាញការប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារនិងអំពើរំលោភបំពានគ្រប់ រូបភាពមកលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។ អាស្រ័យហេតុនេះ ហើយ ទើបកម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សា ស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំង បញ្ហាប្រឈមនានា។
រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណធម៌នៃការរស់នៅដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាព សង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្ម រួមគ្នាមួយ គឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍវិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយ បទដ្ឋានគតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងបានបន្តយកចិត្ត ទុកដាក់និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនិងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹង តម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេស កុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជា ពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ “ការអភិវឌ្ឍធនធានមនុស្ស” ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដែលមានសូចនាករ លទ្ធផលនិងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមទាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយ និងបទដ្ឋានគតិយុត្តនានាតាមវិស័យដទៃទៀត។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាតិនានា ជាពិសេសគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ (២០១៩-២០២៩)។ ស្របជាមួយគ្នានេះដែរ កម្ពុជាក៏បានដាក់ចេញផែនការសកម្មភាពតាមវិស័យជាច្រើនទៀត ក្នុងនោះរួមមាន ផែនការសកម្មភាពស្ដីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
រាជរដ្ឋាភិបាលបានដាក់ចេញនិងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា តាមរយៈប្រព័ន្ធ គាំពារសង្គមចំនួន២ រួមមាន៖ ប្រព័ន្ធជំនួយសង្គម គឺផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរ បន្ទាត់ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និង ប្រព័ន្ធសន្តិសុខសង្គម ជាការផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និង ពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ។ ជាក់ស្ដែង ការដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែល មានការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ កម្រិតក្រីក្រប្រភេទ១ និង២ សំដៅជួយសម្រាលការលំបាកនៅក្នុងស្ថានភាពចំពោះមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារនិងផ្ដល់កិច្ចការពារយ៉ាងពេញ ទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រងនិងផ្តល់សេវាដល់មុខសញ្ញ កុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការការខិតខំប្រឹងប្រែងយ៉ាងនេះហើយ ក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះនិងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុង ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រនិងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញ ការអនុវត្តនូវគោលនយោបាយនិងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារនិងការគោរពសិទ្ធិមូលដ្ឋានរបស់ កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។ ទន្ទឹមនឹងនោះ យន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ត្រូវការជាចាំបាច់នូវធនធានមនុស្សនិងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹងនិងពង្រីកសមត្ថភាពក្នុង ការគ្រប់គ្រងនិងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីសូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណី កុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។
សម្តេចហ៊ុន សែន ក៏សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិ ពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ក្នុងស្មារតីនេះ ប្រមុខរាជរដ្ឋាភិបាល សូមធ្វើការអំពាវនាវដូចតទៅ៖
១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេសកុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ន ការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។
២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុងការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។
៣- សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះ រាល់ការលំបាកនានា។
៤- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារនិងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបំណិនជីវិត។
៥- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិង ប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។
៦- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក
កម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។
៧- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិត ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហគមន៍ ជាពិសេសកុមារងគ្រោះ ដោយឪពុកម្តាយទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។
៨- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់ កុមារគ្រប់វិស័យ។
៩- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្ត សិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ៕