ដាក់ឲ្យដំណើរការ ច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង និងខេត្តតៃនិញ ដើម្បីផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន
ខេត្តព្រៃវែង ៖ ប្រកាសដាក់ឲ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
ឯកឧត្តមជា សុមេធី បានថ្លែងថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ ដល់ការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញ កិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព៕